(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ ព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទីបំផុតយានអវកាស New Horizons របស់អង្គការ NASA បានប្រទះឃើញគោលដៅបន្ទាប់ដែលស្ថិតនៅចុងប្រព័ន្ធ ព្រះអាទិត្យ ហើយ៕
២៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃព្រហស្បតិ៍នេះ បានតែងតាំងប្រធានសេនាធិការយោធាលោក ជឹង គ្យុងឌូ (Jeong Kyeong-doo) ជារដ្ឋមន្ត្រីការពារជាតិថ្មី៕
៣៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានបង្ហាញក្តីព្រួយបារម្ភយ៉ាង ជ្រាលជ្រៅថា វាយប្រហារយោធាទ្រង់ទ្រាយនៅក្នុងខេត្ត Idlib នៃប្រទេសស៊ីរីអាចនឹងបង្កឲ្យមានគ្រោះមហន្តរាយមនុស្សជាតិ ហើយលោកបានទទូចឲ្យភាគីទាំងអស់ ជួយគ្នាថែរក្សាតំបន់កាត់បន្ថយភាពតានតឹង តែមួយចុងក្រោយនេះនៅស៊ីរី៕
៤៖ សត្វកន្ធាយសមុទ្រជិតផុតពូជជាង ៣០០ក្បាល ត្រូវបានប្រទះឃើញ ដេកងាប់យ៉ាងរង្គាល នៅបណ្តោយឆ្នេរម៉ិចស៊ីកូ។៕
៥៖ ជំនួយការរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក រ៉េនដល ស្គ្រីវើ (Randall Schriver) បានឱ្យដឹងថាសហរដ្ឋអាមេរិកពិតជាមាន
ការព្រួយបារម្ភចំពោះគំរោងរបស់ឥណ្ឌាក្នុងការទិញអាវុធពីរុស្ស៊ី ជាពិសេសគឺប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ហើយថា បើសិនជាទីក្រុងញូដេលីហ៊ានទិញប្រព័ន្ធមីស៊ីលនេះមែន នោះទីក្រុងវ៉ាស៊ីនតោននឹងពិចារណាដាក់ទណ្ឌកម្ម៕
៦៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសើរពីទំនាក់ទំនងដ៏ល្អជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយបញ្ជាក់ទៀតថា មិនមានហេតុផលណាមួយក្នុងការធ្វើសមយុទ្ធយោធាឡើងវិញ ជាមួយកូរ៉េខាងត្បូងនោះទេ៕