(ប៉េកាំង)៖ ក្រសួងការពារជាតិចិនបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រមុខកងទ័ពជើងទឹកចិនលោក សិន ជីនឡុង (Shen Jinlong) នឹងបំពេញ ដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នៅខែកញ្ញាខាងមុខនេះហើយ ខណៈប្រទេសទាំងពីរកំពុងមានភាពតានតឹងគ្នា ជុំវិញសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង និងជម្លោះពាណិជ្ជកម្ម ព្រមទាំងបញ្ហារសើបនៅតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។
ការប្រកាសពីដំណើរទស្សនកិច្ចនេះ កើតមានឡើងតែជាងពីរខែប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ចេមស៍ ម៉ាត់ទីស (James Mattis) បានបំពេញទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង។ ម្យ៉ាងវិញទៀត នៅពេលនោះ ចិនបាននិយាយថា ដំណើរទស្សនកិច្ចនេះទទួលបានផលវិជ្ជមានជាច្រើន ហើយរដ្ឋមន្ត្រីការពារជាតិចិន លោក វៃ ហ្វេងហេ (Wei Fenghe) ក៏បានទទួលយកការអញ្ជើញបំពេញទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក នៅមុនដំណាច់ឆ្នាំ២០១៨នេះ។
គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ មន្ទីរបញ្ចកោណបានលុបចោលការអញ្ជើញចិនឱ្យចូលរួម នៅក្នុងសមយុទ្ធយោធាជើងទឹកអន្តរជាតិ ដោយចោទថា ចិនធ្វើសកម្មភាពយោធាដោយខុសច្បាប់ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ខណៈទីក្រុងប៉េកាំងតែងតែចេញមុខ ច្រានចោលរាល់ការចោទប្រកាន់បែបនេះជានិច្ច៕