(ភ្នំពេញ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រមទាំងលោកស្រី ខៀវ ស៊ីណា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ បាននាំយកដើមពោធិ៍ និងដើមគរគីរមួយចំនួនទៅដាំ ក្នុងទីធ្លាវត្តព្រែកប្រាំង។

ក្នុងឱកាសនោះ សម្ដេចព្រះឧត្តមបញ្ញា ដូង ផង់ សមាជិកថេរសភាពសង្ឃ ជាព្រះចៅអធិការវត្តព្រែកប្រាំង បានសម្ដែងព្រះទ័យរីករាយក្រែងលែង ចំពោះទឹកចិត្តប្រកបដោយសុទ្ធាជ្រះថ្លា របស់លោក ជា ចាន់តូ និងលោកស្រី ដែលកន្លងមករហូតដល់ឥឡូវនេះ តែងតែជួយដល់វត្តព្រែកប្រាំងជាប់រហូតដូចជា ការកសាងសមិទ្ធិផលនានាក្នុងវត្តជាដើម។

ដោយឡែកសម្រាប់ការនាំយកដើមពោធិ៍ និងដើមគគីរ មកដាំក្នុងវត្តពេលនេះ ជាការបញ្ជាក់ពីទឹកចិត្ត និងការរួមចំណែក ដល់វិស័យព្រះពុទ្ធសាសនា មិនត្រឹមតែលំអរសោភ័ណ្ឌភាពវត្តប៉ុណ្ណោះទេ តែជួយឲ្យវត្តនេះក្លាយជាវត្ត ដែលមានម្លប់ត្រចេះត្រចង់សម្រាប់អ្នកទូទៅជ្រកកំដៅ និងជួយការពារច្រាំងទន្លេ កុំឲ្យទឹកហូរចូលវត្តផងដែរ។

លោក ជា ចាន់តូ បានជម្រាបសម្ដេច ព្រះឧត្ដមបញ្ញា ដូង ផង់ ថា «ខ្ញុំ និងភរិយាបាននាំមកនូវកូនឈើប្រភេទផ្សេងៗទៀត មកដាំនៅទីអារាមឲ្យបានច្រើន ដើម្បីបង្កើតឲ្យវត្តនេះ ក្លាយជាគម្របបៃតង និងសក្កិសមជាទីកន្លែងស្ងប់ស្ងាត់ សម្រាប់បំពេញធម៌សាងបុណ្យតាមពុទ្ធឱវាទ។

លោកបន្ថែមថា «ខ្ញុំនឹងខិតខំប្រែងប្រែង ក្នុងការរួមចំណែក កសាងទីអារាមបន្តទៀតតាមសទ្ធាធ្វើយ៉ាងណារក្សាការពារ លើកស្ទួយព្រះពុទ្ធសាសនាឲ្យបានថ្កុំថ្កើន សម្រាប់ការគោរពប្រតិបត្តិ របស់ពុទ្ធសានិកជនខ្មែរគ្រប់ៗរូប»

លោក ជា ចាន់តូ ព្រមទាំងលោកស្រី បានចូលរួមកុសលកសាងវត្តចំនួន១០លានរៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន និងបានចែកជូនថវិកា ដល់លោកយាយ លោកតា ដែលកំពុងស្នាក់នៅបំពេញធ៌ម នៅអារាមនេះផងដែរ៕