(ហែលស៊ីនគី)៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា សហភាពអឺរ៉ុបត្រូវការទំនាក់ទំនងយុទ្ធសាស្ត្រ ក្នុងនោះរួមមានទាំងវិស័យការពារជាតិ ជាមួយបណ្ដាប្រទេសជិតខាងទាំងអស់ ដើម្បីធានាថែរក្សាស្ថេរភាព ហើយគួរតែស្ដារឡើងវិញនូវទំនាក់ទំនងជាមួយរុស្ស៊ី និងតួកគីផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតហ្វាំឡង់ លោក ម៉ាក្រុង បានលើកឡើងយ៉ាងដូច្នេះថា «វាគឺជាផលប្រយោជន៍សម្រាប់យើងទាំងអស់គ្នា ដែលមានទំនាក់ទំនងយុទ្ធសាស្ត្រជាមួយតួកគីរួមទាំងរុស្ស៊ី សំដៅថែរក្សាស្ថេរភាព និងធ្វើឱ្យអឺរ៉ុបកាន់តែ រឹងមាំ ហើយរួបរួមគ្នា»។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុនលោក ម៉ាក្រុង ក៏បានកត់សម្គាល់ដែរថា សហភាពអឺរ៉ុប លែងអាចពឹងផ្អែកលើសហរដ្ឋអាមេរិកទៀតហើយ ក្នុងការការពារសន្តិសុខរបស់ខ្លួន។ ប៉ុន្តែគួរឱ្យកត់សម្គាល់ការលើកឡើងរបស់ប្រធានាធិបតីបារាំងរូបនេះ ធ្វើឡើង
នៅចំពេលសហភាពអឺរ៉ុបកំពុងមានជម្លោះពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ដោយសារតែគោលនយោបាយដំឡើងពន្ធរបស់ លោក ដូណាល់ ត្រាំ៕