(ម៉ិចស៊ីកូស៊ីធី)៖ សត្វកន្ធាយសមុទ្រជិតផុតពូជជាង ៣០០ក្បាល ត្រូវបានប្រទះឃើញ ដេកងាប់យ៉ាងរង្គាល នៅបណ្តោយឆ្នេរម៉ិចស៊ីកូ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។
បើតាមអាជ្ញាធរគាំពារបរិស្ថាន នៃប្រទេសម៉ិចស៊ីកូបានឲ្យដឹងថា សត្វកន្ធាយជាង ៣០០ក្បាល ខាងលើដែលងាប់ត្រូវបានប្រទះឃើញនៅលើផ្ទៃសមុទ្រក្បែរឆ្នេររដ្ឋ អុកហ្សាកា (Oaxaca) ភាគខាងត្បូង ដោយមានជាប់ជំពាក់នឹងសំណាញ់នេសាទខុសច្បាប់។
ក្រោយមកសាកសពសត្វកន្ធាយទាំងនេះ ក៏ត្រូវបានគេប្រមូលយកឡើងមកលើគោកដើម្បីកប់ ខណៈអាជ្ញាធរម៉ិចស៊ីកូបានបញ្ជាក់ថា នឹងចុះធ្វើការណែនាំដល់ប្រជានេសាទក្នុងតំបន់ អំពីហានិភ័យនៃការប្រើប្រាស់សំណាញ់នេសាទខុសច្បាប់។
គួរជម្រាបថា សត្វកន្ធាយខាងលើជាប្រភេទកន្ធាយ អូលីវ រីដឡេយ (Olive Ridley) ដែលជិតផិតពូជ ហើយពួកវាតែងឡើងមកឆ្នេរសមុទ្រនៃរដ្ឋនានារបស់ម៉ិចស៊ីកូ ដើម្បីពងកូនចាប់ពីខែឧសភា ដល់ខែកញ្ញាជារៀងរាល់ឆ្នាំ៕