​(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃព្រហស្បតិ៍នេះ បានតែងតាំងប្រធានសេនាធិការយោធាលោក ជឹង គ្យុងឌូ (Jeong Kyeong-doo) ជារដ្ឋមន្ត្រី​ការពារជាតិថ្មី។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។

លោក Jeong Kyeong-doo មានអាយុ ៥៨ឆ្នាំ ជាអតីតអ្នកបើក​យន្ដហោះចម្បាំងម្នាក់ នឹងត្រូវដឹកនាំ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង ខណៈរដ្ឋាភិបាល​លោក មូន ជែអ៊ីន កំពុងស្វះស្វែង​បន្ធូរបន្ថយភាពតានតឹង​ជាមួយកូរ៉េខាងជើង និងចំពេល​ដែលទំនាក់ទំនងរវាង​កូរ៉េខាងជើង និងសហរដ្ឋអាមេរិក កំពុងស្ថិតនៅ​ក្នុងភាពមិន​ច្បាស់លាស់។

លោក ​Jeong ដែលនឹងត្រូវឡើងកាន់តំណែងជំនួសរដ្ឋមន្ត្រីការពារជាតិបច្ចុប្បន្ន លោក សុង យាំងមូ (Song Young-moo) មិនចាំបាច់ត្រូវការការអនុម័ត​ពីសភានោះឡើយ ប៉ុន្តែលោកត្រូវ​ចូលរួមឆ្លើយសំណួរ​ របសបស់ក្រុម​តំណាងរាស្ត្រនានាជាមុនសិន។

គួរបញ្ជាក់ថា លោក Jeong Kyeong-doo នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិ​កូរ៉េខាងត្បូង ដំបូងគេបំផុត​ដែលមកពីកងទ័ព​អាកាស ក្នុងរយៈពេល ២៤ឆ្នាំមកនេះ៕