(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចោទប្រកាន់ចិនថា ជាអ្នកបង្កភាពស្មុគស្មាញដល់ទំនាក់ទំនងរបស់ ទីក្រុងវ៉ាស៊ីនតោនជាមួយកូរ៉េខាងជើង ដោយសារតែបញ្ហាជម្លោះពាណិជ្ជកម្មបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយ
សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។
ថ្លែងចេញពីសេតវិមាននៅថ្ងៃពុធសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចិនបានបង្កភាពស្មុគស្មាញជាច្រើន ដល់ទំនាក់ទំនងរបស់យើងជាមួយទីក្រុងព្យុងយ៉ាង ដោយសារតែពួកគេខឹងនឹងការចាត់វិធានការតម្លើងពន្ធរបស់សហរដ្ឋអាមេរិក»។ លោកបន្ថែមថា ទំនាក់ទំនងរបស់លោកជាមួយលោក គីម ជុងអ៊ុន គឺជាទំនាក់ទំនងដ៏អស្ចារ្យ ហើយថាលោកនឹងបន្តប្រកាន់គោល ជំហរម៉ឺងម៉ាត់ចំពោះចិនជុំវិញបញ្ហាពាណិជ្ជកម្ម។
គួរជម្រាបថា ចិនគឺជាសម្ព័ន្ធមិត្ត និងជាអ្នកឧបត្ថម្ភដ៏ធំសម្រាប់កូរ៉េខាងជើង។ ដូច្នេះហើយទើបលោក ដូណាល់ ត្រាំ ជារឿយៗតែងតែស្នើឱ្យទីក្រុងប៉េកាំងចូលរួមជាមួយសហរដ្ឋអាមេរិក ដាក់សម្ពាធលើកូរ៉េខាងជើងឱ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែទន្ទឹមគ្នាអ្នកជំនាញខ្លះក៏បានព្រមានដែរថា ជម្លោះពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោននាពេលបច្ចុប្បន្នអាចនឹង បង្កការលំបាកដល់ការស្វែងរកសន្តិភាពជាអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ ដូចដែលគេធ្លាប់លើកឡើងថា ចង់ចរចាជាមួយកូរ៉េខាងជើង ត្រូវនិយាយជាមួយចិនជាមុនសិន៕