(វ៉ាស៊ីនតោន)៖ ការព្រមានរបស់លោក ដូណាល់ ត្រាំ ទៅលើក្រុមហ៊ុន Google កំពុងក្លាយជារឿងធំមួយ នៅលើបណ្តាញសារព័ត៌មាន ប៉ុន្តែលោកប្រធានាធិបតីអាមេរិក នឹងប្រឈមមុខជាមួយបញ្ហាដ៏លំបាក ប្រសិនរដ្ឋបាលរបស់លោកនៅតែព្យាយាមដាក់ការត្រួតត្រាទៅលើ ក្រុមហ៊ុនបច្ចេកវិទ្យា-អ៊ីនធើណែតឈានមុខគេលើលោកមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។
ក្រុមអ្នកជំនាញខាងសារព័ត៌មាន និងខាងច្បាប់បានលើកឡើងថា Google និងក្រុមហ៊ុនអ៊ីនធើណែតដទៃទៀត ទទួលបានការពារនៃរដ្ឋធម្មនុញ្ញទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ដូចជាទៅនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែរ ដូច្នេះហើយ Google ពុំអាចស្ថិតក្រោមការលូកដៃជ្រៀតជ្រែកពីរដ្ឋាភិបាល ជុំវិញលទ្ធផលនៃការស្វែងរកព័ត៌មានផ្សេងៗ ដែលធ្វើឲ្យលោក ដូណាល់ ត្រាំ មិនពេញចិត្តឡើយ។
គួរជម្រាបថា នាពេលថ្មីៗនេះលោក ដូណាល់ ត្រាំ បានចោទប្រកាន់ក្រុមហ៊ុន Google ថា បានលាក់បាំងព័ត៌មានរបស់បណ្តាញសារព័ត៌មាន ដែលមានភាពអភិរក្សនិយម ហើយលើកកម្ពស់ការផ្សព្វផ្សាយ របស់បណ្តាញព័ត៌មានឆ្វេងនិយមប្រឆាំងនឹងលោក។ ឆ្លើយតបចំពោះការចោទប្រកាន់របស់លោក ត្រាំ Google បានអះអាងថា កម្មវិធីស្វែងរកលទ្ធផលព័ត៌មានរបស់ខ្លួន ពុំត្រូវបានយកទៅប្រើប្រាស់ ដើម្បីបម្រើគោលការណ៍នយោបាយណាមួយឡើយ ហើយ Google ក៏មិនលម្អៀងលទ្ធផលនៃការស្វែងរក ទៅលើមនោគមវិជ្ជានយោបាយណាមួយដែរ៕