(វ៉ាស៊ីនតោន)៖ មេបញ្ជាការថ្មីប្រចាំ​ទីបញ្ជាការអាមេរិក នៃ​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) លោក ហ្វីលីព ដាវីដសុន (Philip S. Davidson) បាន ទទួលស្គាល់ថា បច្ចុប្បន្នចិនមាន​សមត្ថភាពគ្រប់គ្រាន់ ​ក្នុងការគ្រប់គ្រង​តំបន់សមុទ្រចិន​ខាងត្បូង ហើយសិន​ជាជម្លោះផ្ទុះឡើង​មែន នោះសហរដ្ឋអាមេរិក​ក៏មិនអាចធានា​បានថា អាចយកឈ្នះ​ចិន​បានដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន New York Times នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។

លោក Davidson ធ្វើការអះអាង​បែបនេះ នៅក្នុងកំណត់​ហេតុមួយដាក់​ជូនព្រឹទ្ធសភា​អាមេរិក កាលពីខែមីនា​កន្លងទៅ។ លោក បានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង​ក្រោយនេះ ចិនបានពង្រីក​សមត្ថភាពកងទ័ពជើងទឹក​របស់ខ្លួន​យ៉ាងសម្បើម តាមរយៈ​ការផលិត នាវាផ្ទុកយន្ដហោះ​ចម្បាំងដោយផ្ទាល់ដៃ​របស់ខ្លួន រួមទាំងនាវា​មុជទឹក មីស៊ីល និងប្រព័ន្ធ​រ៉ាដា ដែលសុទ្ធតែមាន​បច្ចេកវិទ្យា​ខ្ពស់អាច ប្រកួតប្រជែង​ជាមួយ​សហរដ្ឋអាមេរិក​បាន។

លើសពីនេះ​ទៅទៀត លោក Davidson ក៏បានទទួល​ស្គាល់ដែរថា ចិនបានត្រៀម​ខ្លួនរួចជាស្រេច សម្រាប់​ជម្លោះជា​មួយទីក្រុង​វ៉ាស៊ីនតោន ហើយបើ​ជម្លោះនេះផ្ទុះឡើង​មែន សហរដ្ឋអាមេរិក​ក៏មិនប្រាកដថា អាចយកឈ្នះលើ​ទីក្រុងប៉េកាំង​ដែរ។ មេបញ្ជាការថ្មីរូបនេះ​បានគូសបញ្ជាក់ដូច្នេះថា «បច្ចុប្បន្នចិន​មានសមត្ថភាព​គ្រប់គ្រាន់ ក្នុងការគ្រប់គ្រង​តំបន់សមុទ្រ​ចិនខាងត្បូង នៅគ្រប់​សេណារីយ៉ូ សង្រ្គាម​ទាំងអស់ជាមួយ​សហរដ្ឋអាមេរិក... ហើយ​ម្យ៉ាងវិញ​ទៀត សហរដ្ឋអាមេរិក​ក៏មិនអាចធានាបាន ១០០ភាគរយដែរថា អាចយក​ជ័យជម្នះ​លើចិន នៅក្នុងជម្លោះ​ណាមួយនៅពេល​អនាគតជា​មួយចិន»

គួរជម្រាបថា កាលពីខែកក្កដា​កន្លងទៅ សារព័ត៌មាន South China Morning Post ធ្លាប់បានចុះផ្សាយថា ទីក្រុងប៉េកាំងកំពុង​អភិវឌ្ឍន៍នាវាមុជទឹកគ្មាន​មនុស្សបើក ដែលអាចបំពាក់​​ទៅដោយប្រព័ន្ធស៊ើបការណ៍សំងាត់​ ដែលមានសមត្ថភាពខ្ពស់​ក្នុងតាមដាន​រាល់ សកម្មភាព​នៅតំបន់​សមុទ្រ៕