(អាមេរិក)៖ ទីបំផុតយានអវកាស New Horizons របស់អង្គការ NASA បានប្រទះឃើញគោលដៅបន្ទាប់ ដែលស្ថិតនៅចុងប្រព័ន្ធព្រះអាទិត្យហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ The Verge នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។
កាលពីពេលថ្មីៗនេះយានអវកាស New Horizons បានផ្តិតយករូបភាពដំបូងបង្អស់ នៃអាចម៍ផ្កាយមានឈ្មោះថា Ultima Thule ដែលវាកំពុងធ្វើដំណើរសំដៅទៅរក។ ក្រុមការងារ New Horizons កំពុងត្រៀមរៀបចំបញ្ជូនយានអវកាសនេះឲ្យទៅក្បែរ Ultima Thule នៅថ្ងៃចូលឆ្នាំសកលនៃឆ្នាំ២០១៩ ខាងមុខនេះ។
យានអវកាស New Horizons បាននិងកំពុងហោះឆ្ពោះទៅកាន់ Ultima Thule ចាប់តាំងតែពីខែកក្កដា ឆ្នាំ២០១៥ មកម្ល៉េះពោលគឺប៉ុន្មានខែក្រោយពីវាបានហោះឆ្វែលភព Dwarf Planet ភ្លុយតូ (Pluto) កាលពីខែកក្កដា ឆ្នាំដដែល។ ក្រោយពីបានជួប Pluto ហើយ ទីភ្នាក់ងារអវកាស NASA បានសម្រេចបន្តបេសកកម្ម New Horizons ទៅមុខទៀត ដើម្បីឲ្យវាអាចហោះឆ្វែលគោលដៅមួយផ្សេងទៀត នៅតំបន់ចុងប្រព័ន្ធព្រះអាទិត្យ។
ក្រុមការងារ New Horizons ក៏បានសម្រេចជ្រើសរើសអាចម៍ផ្កាយ Ultima Thule ឬ 2014 MU69 ដោយសារវាស្ថិតក្នុងទីតាំងអំណោយផលមួយ នៅឆ្ងាយពីភ្លុយតូ ហើយមិនត្រូវការប្រើប្រាស់ឥន្ទនៈច្រើន ដើម្បីឲ្យ New Horizons ផ្លាស់ប្តូរគន្លងធ្វើដំណើររបស់វា ដើម្បីទៅជួបដុំថ្មអវកាសនេះឡើយ។
គួរបញ្ជាក់ថា យានអវកាស New Horizons ត្រូវបានបាញ់បង្ហោះចេញពីភពផែនដីកាលពីឆ្នាំ២០០៦ និងទៅដល់ប្រព័ន្ធភពភ្លុយតូកាលពីខែកក្កដា ឆ្នាំ២០១៥។ យាននេះបានថតរូបពិតមិនធ្លាប់មានរបស់ភពភ្លុយតូ ក្រោយពីភពបម្រុងនេះត្រូវបានតេឡេស្កូបលើផែនដីរកឃើញកាលពីឆ្នាំ១៩៣០។ ភពភ្លុយតូបានរបូតនាមជាភពទី ៩ នៅក្នុងប្រព័ន្ធព្រះអាទិត្យកាលពីឆ្នាំ២០០៦ ដោយសារតែវាមានទំហំតូចពេក និងមានគន្លងល្អៀងគោចរជុំវិញព្រះអាទិត្យ បើធៀបនឹងភពទាំង ៨ ទៀត៕