(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានឱ្យដឹងថា សហរដ្ឋអាមេរិកមិនទាន់ដាក់សំណើណាមួយមកភាគីកូរ៉េខាងត្បូងដើម្បីជួប ចរចាពីការចាប់ធ្វើផ្ដើមសមយុទ្ធយោធាប្រចាំឆ្នាំរវាងប្រទេសទាំងពីរឡើងវិញនៅឡើយទេ បន្ទាប់ពីបានផ្អាកអស់មួយរយៈធំសំដៅ បន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង តបតាមកិច្ចព្រមព្រៀងនានាកន្លងមក៕
២៖ មនុស្សយ៉ាងតិច ០៨នាក់ បានបាត់បង់ជីវិត និង១៦នាក់បានទទួលរងរបួស នាថ្ងៃពុធនេះ នៅក្នុងហេតុការណ៍បំផ្ទុះរថយន្ត ទៅលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយកន្លែងនៅខេត្ត Anbar ភាគខាងលិចប្រទេសអ៊ីរ៉ាក់៕
៣៖ ប្រទេសចិននៅថ្ងៃពុធនេះ បានចេញមុខទាត់ចោលព័ត៌មានថា ខ្លួនគ្រោងបង្កើតមូលដ្ឋានទ័ពនៅប្រទេសអាហ្វហ្គានីស្ថាន ខណៈសារព័ត៌មានមួយនៅទីក្រុងហុងកុងបានចេញផ្សាយថា ចិនកំពុងកសាងជុំរុំយោធាសម្រាប់កងទ័ពអាហ្វហ្គានីស្ថាន ហើយក៏អាចបញ្ជូនកងទ័ពខ្លួន ទៅឈរជើងនៅទីនោះផងដែរ៕
៤៖ ប្រធានាធិបតីប្រេស៊ីលលោក មីឈែល ធីមើ (Michel Temer) បានប្រកាសថា រដ្ឋាភិបាលរបស់បានលោក នឹងបញ្ជូនកងកម្លាំងប្រដាប់អាវុធទៅកាន់រដ្ឋ រ៉ូរ៉ៃម៉ា (Roraima) ដែលស្ថិតនៅព្រំដែនភាគខាងជើងប្រទេស ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ ក្រោយមានការបង្កបញ្ហាដោយសារតែវិបត្តិជនអន្តោប្រវេសន៍៕
៥៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.១រ៉ិចទ័រ បានវាយប្រហារដែនកោះ ឡូយ៉ាល់ធី (Loyalty Islands) ក្បែរតំបន់រដ្ឋបាលរបស់ ប្រទេសបារាំង ញូកាឡេដូនៀ (New Caledonia) ដែលស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក៕
៦៖ មនុស្សជាង ៥0,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ក្រោយពីទំនប់ទឹកមួយកន្លែងបានលេចធ្លាយ ហើយជន់លិចលើសហគមន៍មួយចំនួន និងកាត់ផ្តាច់ដងផ្លូវតភ្ជាប់ទីក្រុងធំៗ នៅឯភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា នាថ្ងៃពុធនេះ៕