(រ៉ង់ហ្គូន)៖ មនុស្សជាង ៥0,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ក្រោយពីទំនប់ទឹកមួយកន្លែងបានលេចធ្លាយ ហើយជន់លិចលើសហគមន៍មួយចំនួន និងកាត់ផ្តាច់ដងផ្លូវតភ្ជាប់ទីក្រុងធំៗ នៅឯភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា នាថ្ងៃពុធនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន New York Times នៅល្ងាចថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។
អាជ្ញាធរមីយ៉ាន់ម៉ា បានបញ្ជូនក្រុមអ្នជំនាញទៅកាន់ទំនប់ធារាសាស្រ្ត ស្វារ (Swar) ដែលបានលេចធ្លាយកាលពីវេលាព្រឹកថ្ងៃពុធនេះ ហើយបញ្ចេញទឹកឲ្យជន់លិចទីក្រុង Swar និងភូមិចំនួន ០២ កន្លែងនៅក្បែរនោះ ខណៈប្រជាជនជាង ៥០,៤០០នាក់ ត្រូវបានអាជ្ញាធរជម្លៀសខ្លួនចេញពីលំនៅឋានទៅកាន់វត្តអារាម និងទីកន្លែងសុវត្ថិភាពដទៃទៀត។
គួរជម្រាបថា ទំនប់ខាងលើត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០០៤ និងអាចផ្តល់ការស្រោចស្រព ដល់ផ្ទៃដីស្រែជាង ៨,០០០ហិកតា។ ដោយឡែកការធ្លាក់ភ្លៀងខ្លាំងជារៀងរាល់ឆ្នាំនារដូវនេះ បានបង្កឲ្យមានការជន់លិច និងបម្លាស់ទីប្រជាជនសរុបជាង ១០០,០០០នាក់ ព្រមទាំងបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ១១នាក់ កាលពីខែកក្កដាកន្លងទៅនៅមីយ៉ាន់ម៉ា៕