(ប៉េកាំង)៖ ប្រទេសចិន​នៅថ្ងៃពុធនេះ បានចេញមុខទាត់​ចោលព័ត៌មានថា ខ្លួនគ្រោង​បង្កើតមូលដ្ឋានទ័ព​នៅប្រទេសអាហ្វហ្គានីស្ថាន ខណៈសារព័ត៌មាន​មួយនៅទីក្រុង​ហុងកុងបាន​ចេញផ្សាយថា ចិនកំពុងកសាង​ជុំរុំយោធាសម្រាប់កងទ័ព​អាហ្វហ្គានីស្ថាន ហើយក៏អាច​បញ្ជូនកងទ័ពខ្លួន ទៅឈរជើងនៅទីនោះផងដែរ។ នេះបើតាម​ការចេញ​ផ្សាយដោយ Channel News Asia ដកស្រង់ពីបណ្តាញ Reuters នាល្ងាច​ថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។

ជុំវិញបញ្ហាខាងលើនេះ កាសែត South China Morning Post បាន​ចេញផ្សាយ​កាលពីពេលថ្មីនេះថា ខ្លួនទទួលបានព័ត៌មានពីប្រភព​​ដែលជិតស្និទ្ធនឹងមន្ត្រី​យោធាចិន ហើយក្នុងនោះ​បានបញ្ជាក់ថា ចិនកំពុងតែកសាង​ជុំរុំ​យោធានៅតំបន់ Wakhan Corridor ដែលផ្សាភ្ជាប់​ព្រំដែនរវាងប្រទេសចិន-អាហ្វហ្គានីស្ថានថែមទៀតផង។ តាមពិតទៅ​ព័ត៌មានទាំងនេះ ក៏ត្រូវបានចិន​បង្ហាញជាផ្លូវការ​ផងដែរ កាលពីពេល​កន្លងទៅ តាមរូបភាពជា​ការជួយកសាងមូលដ្ឋាន​យោធា​សម្រាប់ប្រទេស​អាហ្វហ្គានីស្ថាន។

ទោះបីជា​បែបនេះក្តី អ្នកនាំពាក្យក្រសួង​ការបរទេសចិន​លោកស្រី Hua Chunying បានច្រានចោល​រាល់ការចេញព័ត៌មានខាងលើ​នេះ ដោយបញ្ជាក់​យ៉ាងដូច្នេះថា «បន្ទាប់ពីបាន​ពិនិត្យរឿងនេះ សេចក្តីរាយការណ៍​ពាក់ព័ន្ធនានា គឺមិនមែន​ជាការពិត​នោះទេ។ វាមិនអាច​កើតមានឡើងទៅរួច​នោះឡើយ នៅក្នុងការ​កសាងផង និងហ្វឹកហ្វឺនផង​​នៅក្នុងស្ថានភាព​បែបនេះ»។ ការបញ្ជាក់​បែបនេះ គឺលោកស្រី Hua ចង់សំដៅ​ទៅលើការចោទ​ប្រកាន់ថា ចិនកំពុងរៀបចំ​បញ្ជូនយោធា​របស់ខ្លួន​ទៅកាន់ជុំរុំដែលកំពុង​កសាង​ ក្នុងទឹកដីអាហ្វហ្គានីស្ថាន​នោះ។

គួរបញ្ជាក់ថា នេះមិនមែន​ជាលើកទីមួយឡើយ ដែលចិនរងការ​ចោទប្រកាន់ថា កំពុងត្រៀមបញ្ជូន​យោធាទៅឈរជើង​ នៅក្នុងមូលដ្ឋានដែលខ្លួនកំពុងសាងសង់ នៅព្រំដែនប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែចិនតែងតែ​ចេញមុខទាត់ចោល​រាល់សេចក្តី​ថ្លែងការណ៍ និងព័ត៌មានពាក់ព័ន្ធ​ដូចខាងលើនេះជានិច្ច៕