(បាដាដ)៖ មនុស្សយ៉ាងតិច ០៨នាក់ បានបាត់បង់ជីវិត និង១៦នាក់បានទទួលរងរបួស នាថ្ងៃពុធនេះ នៅក្នុងហេតុការណ៍បំផ្ទុះរថយន្ត ទៅលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយកន្លែងនៅខេត្ត Anbar ភាគខាងលិចប្រទេសអ៊ីរ៉ាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។
បើតាមអាជ្ញាធរអ៊ីរ៉ាក់ ជនដៃដល់ម្នាក់បានបើករថយន្តបង្កៃគ្រឿងផ្ទុះ បំបុកចូលប៉ុស្តិ៍ត្រួតពិនិត្យខាងលើ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងយោធាអ៊ីរ៉ង់ ព្រមទាំងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយរដ្ឋាភិបាលបាកដាដ ខណៈអ្នកដែលស្លាប់រួមមានជនសកម្មប្រយុទ្ធចំនួន ០៥នាក់ និងជនស៊ីវិល ០៣នាក់ ហើយចំនួនមនុស្សបាត់បង់ជីវិត ត្រូវគេព្រួយបារម្ភថា អាចនឹងមានការកើនឡើង ដោយសារជនរងរបួសមួយចំនួន កំពុងស្ថិតក្រោមស្ថានភាពធ្ងន់ធ្ងរ។
គួរជម្រាបថា កាលពីខែធ្នូ ឆ្នាំ២០១៧ រដ្ឋាភិបាលក្រុងបាកដាដ បានប្រកាសថា ប្រទេសអ៊ីរ៉ាក់ត្រូវបានរំដោះចេញកណ្តាប់ដៃរបស់ក្រុម ISIS ទាំងស្រុង ក្រោយពីកងទ័ពបានដណ្តើមយកមកវិញនូវទីតាំងនានា ដែលធ្លាប់ស្ថិតក្រោមការកាន់កាប់របស់ក្រុមជ្រុលនិយមនេះ ដោយក្នុងនោះរួមមានទាំងតំបន់ព្រំដែន និងវាលខ្សាច់នានានៅភាគខាងលិចអ៊ីរ៉ាក់។
ទោះជាបែបនេះក្តី បណ្តាញក្រុម ISIS ដែលនៅសេសសល់រប៉ាត់រប៉ាយ បានបន្តធ្វើការឆ្មក់វាយប្រហារទៅលើកងកម្លាំងសន្តិសុខ និងប្រជាជនស្លូតត្រង់ ទោះបីជារដ្ឋាភិបាលអ៊ីរ៉ាក់ បានប្រឹងប្រែងចេញប្រតិបត្តិការបោសសម្អាតក្រុមសកម្មប្រយុទ្ធនេះចោលឲ្យអស់ទាំងស្រុងក៏ដោយ។ ចំណែកករណីខាងលើវិញ ពុំមានមានក្រុមណាចេញមុខអះអាងថា ជាទង្វើរបស់ខ្លួននៅឡើយទេ៕