(សេអ៊ូល)៖ វិមានប្រធានាធិបតី​កូរ៉េខាងត្បូង​បានឱ្យដឹងថា សហរដ្ឋអាមេរិកមិនទាន់​ដាក់សំណើណាមួយ​មកភាគីកូរ៉េខាងត្បូង ដើម្បីជួបចរចា​ពីការចាប់ធ្វើផ្ដើមសមយុទ្ធ​យោធាប្រចាំ​ឆ្នាំ​រវាងប្រទេស​ទាំងពីរឡើងវិញ​នៅឡើយទេ បន្ទាប់ពីបាន​ផ្អាកអស់មួយរយៈធំ​ សំដៅបន្ធូរបន្ថយភាព​តានតឹងជាមួយ​កូរ៉េខាងជើង តបតាមកិច្ចព្រមព្រៀង​នានាកន្លង​មក។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ីនហួរ នៅរសៀល​ថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។

នៅក្នុងសន្និសីទ​សារព័ត៌មាននៅ​ថ្ងៃពុធនេះ អ្នកនាំពាក្យវិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក គីម អ៊ុយកឺម (Kim Eui-keum) បានបន្ថែម​ទៀតថា ទីក្រុង​សេអ៊ូល និងទីក្រុង​វ៉ាស៊ីនតោន មិនទាន់ពិភាក្សាគ្នា​ពីការធ្វើសមយុទ្ធយោធា​ឡើងវិញ​នៅឡើយទេ ហើយភាគី​ទាំងពីរ នឹងលើកបញ្ហានេះ​មកជជែកគ្នា​ ដើម្បីធ្វើការសម្រេចចិត្ត នៅក្រោយពេល​ពិចារណាលើភាពជឿន​លឿន​ នៅក្នុងសំណុំរឿងរំសាយ​អាវុធ នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា ការលើកឡើង​របស់លោក Kim Eui-keum កើតមានឡើង​បន្ទាប់ពីរដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ចេមស៍ ម៉ាត់ទីស (James Mattis) បានអះអាងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក​មិនមានគំរោងផ្អាកការ​ធ្វើសមយុទ្ធយោធា​បន្ថែមទៀត​ ជាមួយ​កូរ៉េខាងត្បូង​នោះទេ។ ប៉ុន្តែ​បើសិន​ជា​សមយុទ្ធយោធា​រវាងប្រទេស​ទាំងពីរ ត្រូវបានចាប់ផ្ដើម​ធ្វើឡើងវិញ​មែន នោះភាពតានតឹង​នៅលើឧបទ្វីប​កូរ៉េអាចនឹងផ្ទុះ​ឡើងជាថ្មី​ ដ្បិតទីក្រុងព្យុងយ៉ាង​បានចាត់ទុកថា ការធ្វើសមយុទ្ធយោធា​រវាងសហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង គឺជា សកម្មភាព​ត្រៀមឈ្លាន​ពានកូរ៉េខាងជើង៕