(រីយ៉ូ)៖ ប្រធានាធិបតីប្រេស៊ីល​លោក មីឈែល ធីមើ (Michel Temer) បានប្រកាសថា រដ្ឋាភិបាលរបស់បានលោក នឹងបញ្ជូន​កងកម្លាំងប្រដាប់អាវុធ​ទៅ​កាន់រដ្ឋ រ៉ូរ៉ៃម៉ា (Roraima) ដែលស្ថិតនៅព្រំដែនភាគខាងជើងប្រទេស ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ ​ក្រោយមានការបង្កបញ្ហាដោយ​សារ​តែ​វិបត្តិជនអន្តោប្រវេសន៍។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។

​កាលពីឆ្នាំ​ទៅ​ជនអន្តោប្រវេសន៍​វេណេស៊ុយអេឡា​រាប់ម៉ឺននាក់ បានឆ្លងចូល​មកក្នុងទឹកដី​ប្រេស៊ីល​តាមរដ្ឋខាងលើ ហើយការកើនឡើង​​​​​យ៉ាងច្រើន​លើសលុបនៃ​ចំនួនប្រជាជន បានបណ្តាល​ឲ្យមានភាពតាន​តឹង​នៅរដ្ឋ Roraima កាលពីអំឡុង​ដើមខែសីហានេះ ដោយមាន​​ករណី​ហិង្សាមួយចំនួន បានកើតមានឡើង​​ពីសំណាក់​​ក្រុមអ្នក​ម្ចាស់​ស្រុកប្រេស៊ីល ទៅលើ​ក្រុមជន​អន្តោប្រវេសន៍​រាប់រយនាក់ ហើយ​អ្នករស់នៅព្រម​ទាំងអាជ្ញាធរ​ក្នុងតំបន់ បាន​ត្អូញត្អែរថា រដ្ឋាភិបាលកណ្តាល​​របស់ប្រេស៊ីល បានព្រងើយ​កន្តើយ ចំពោះ​ស្ថានការណ៍​​នៅ Roraima ដោយពុំបាន​ផ្តល់ជំនួយចាំ​បាច់អ្វី​សោះ។

គួរជម្រាបថា បើតាមការបញ្ជាក់​របស់រដ្ឋាភិបាល​ប្រេស៊ីល កាលពីចន្លោះ​ឆ្នាំ២០១៥ និងខែមិថុនា ឆ្នាំ២០១៧ ជនអន្តោប្រវេសន៍​​វេណេ​ស៊ុយអេឡាប្រហែល ៥៦,៧០០នាក់ បានឆ្លងចូល​មកក្នុងប្រទេស​ប្រេស៊ីល ដើម្បីសុំការ​ជ្រកកោណ និងស្វែងរក​កន្លែងស្នាក់នៅ​​ជា​អចិន្រ្តៃយ៍ ប៉ុន្តែចំនួនជាក់​ស្តែងត្រូវគេ​ជឿជាក់ថា គឺច្រើនជាង​នេះ​ឆ្ងាយ។ ចាប់តាំងពី​នោះមកបញ្ហាជាច្រើនបានកើត​មាន​ឡើង ដែលបាន​និងកំពុងជារឿង​ឈឺក្បាល​ខ្លាំងដល់រដ្ឋាភិបាល​ប្រេស៊ីល៕