(តូក្យូ)៖ អ្នកវិទ្យាសាស្រ្តជប៉ុន ទីបំផុតទទួលបានចម្លើយហើយថា អាចម៍ផ្កាយក្បែរផែនដីមួយដុំមានឈ្មោះថា អ៊ីតុកាវ៉ា (Itokawa) មានអាយុកាលយូរប៉ុណ្ណាហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅរសៀលថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។
អាចម៍ផ្កាយខាងលើ ធ្លាប់ត្រូវបានឆ្លងកាត់ការសិក្សាដោយយានបេសកកម្មប្រមូលគំរូតាង ហាយ៉ាប៊ូសា (Hayabusa) របស់ជប៉ុន កាលពីចន្លោះឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១០។ យោងតាមការវិភាគទៅលើទិន្នន័យ និងគំរូតាងដែល Hayabusa ប្រមូលបាន និងនាំយកមកកាន់ផែនដីបានបង្ហាញ Itokawa មានប្រភពចេញមកពីដុំថ្មអវកាសដ៏ធំមួយ ដែលកកើតឡើងកាលពី ៤.៦ពាន់លានឆ្នាំមុន ហើយបន្ទាប់មកប្រហែល ១.៥ពាន់លានឆ្នាំមុន ការប៉ះទង្គិចគ្នាយ៉ាងកក្រើក បានធ្វើឲ្យដុំថ្មអវកាសយក្សនេះ បែកខ្ញែកចេញជាបំណែក ដែលធ្វើឲ្យកម្ទេចកម្ទីររបស់វា រួមផ្សំចូលគ្នាក្លាយជាអាចម៍ផ្កាយ Itokawa ដែលមានអង្កត់ផ្ចិត ២០០ម៉ែត្រ។
ប៉ុន្តែហេតុការណ៍ទាំងប៉ុន្មានខាងលើ បានកើតឡើងនៅតំបន់ខ្សែក្រវាត់អាចម៍ផ្កាយចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter) ឯណោះទេ។ Itokawa ទើបត្រូវបានធ្លាក់សំដៅមកផែនដីកាលពីចន្លោះ ១០០,០០០ ទៅ ៤០០,០០០ឆ្នាំមុន ហើយបើតាមការព្យាករណ៍របស់អ្នកវិទ្យាសាស្រ្ត នៅក្នុងរយៈពេលប៉ុន្មានលានឆ្នាំទៀត វាអាចនឹងរលាយបាត់ ឬក៏ធ្លាក់ចូលមកផែនដី។
គួរជម្រាបថា ខណៈពេលនេះ បេសកកម្ម Hayabusa-2 របស់ជប៉ុន ក៏កំពុងត្រៀមខ្លួនបញ្ជូនយានទៅចុះចត នៅអាចម៍ផ្កាយមួយឈ្មោះថា រីយូគុ (Ryugu) ផងដែរ ដើម្បីប្រមូលគំរូតាងយកមកផែនដី ស្រដៀងនឹងបេសកកម្ម Hayabusa ទីមួយដែរ។ Hayabusa-2 នឹងបញ្ជូនយានចុះចតមួយគ្រឿងទៅលើទីតាំង MA-9 នៅលើអាចម៍ផ្កាយដែលមានអង្កត់ផ្ចិត ៤០០ម៉ែត្រនេះ នាខែតុលាខាងមុខ៕