(រ៉ង់ហ្គូន)៖ រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សានស៊ូជី នៅថ្ងៃពុធនេះ បានចេញមុខការពារថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា ដោយបានច្រានចោលរបាយការណ៍ របស់ក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍លើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។
នេះគឺជាប្រតិកម្មជាលើកដំបូងបំផុតរបស់មីយ៉ាន់ម៉ា ឆ្លើយតបទៅនឹងវិបត្តិរ៉ូហ៊ីងយ៉ា ក្រោយក្រុមអ្នកស៊ើបអង្កេត UN កាលពីថ្ងៃចន្ទបានចេញផ្សាយរបាយការណ៍ថ្មីមួយដោយចោទប្រកាន់មេដឹកនាំយោធាមីយ៉ាន់ម៉ាចំនួន ០៦រូប ក្នុងនោះរួមមានទំាងប្រមុខយោធា លោក មីនអ៊ុង ហ្លេង (Min Aung Hlaing) គឺជាអ្នកទទួលខុសត្រូវ លើការសម្លាប់រង្គាលជនជាតិរ៉ូហ៊ីងយ៉ា និងគួរតែត្រូវបានចោទប្រកាន់ ពីបទប្រល័យពូជសាសន៍។
ជុំវិញរបាយការណ៍នេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា លោក ហ្សរ ហាថាយ (Zaw Htay) បានច្រានចោលការលើកឡើងរបស់ ក្រុមអ្នកស៊ើបអង្កេត UN។ លោក Zaw Htay បានលើកឡើងយ៉ាងដូច្នេះថា «យើងមិនបានអនុញ្ញាតក្រុមអ្នកស៊ើបអង្កេត UN ចូលក្នុងប្រទេសមីយ៉ាន់ម៉ាឡើយ... ដូច្នេះហើយយើងមិនយល់ស្រប ហើយក៏មិនអាចទទួលយកបានដែរ ចំពោះដំណោះស្រាយ ឬរាល់របាយការណ៍ដែលចេញផ្សាយដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស»។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្ដាហ៍នេះ បណ្ដាប្រទេសជាច្រើនក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកផងដែរ បានអំពាវនាវឱ្យថ្នាក់ដឹកនាំយោធាកំពូលៗរបស់មីយ៉ាន់ម៉ា ដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា បង្ហាញខ្លួននៅចំពោះមុខតុលាការអន្តជាតិ៕