(ញូយ៉ក)៖ បណ្ដាប្រទេសជាច្រើន ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកផងដែរ បានអំពាវនាវឱ្យថ្នាក់ដឹកនាំយោធាកំពូលៗរបស់មីយ៉ាន់ម៉ា ដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា បង្ហាញខ្លួននៅចំពោះមុខតុលាការអន្តជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកស៊ើបអង្កេត UN បានជម្រុញឱ្យក្រុមប្រឹក្សាសន្តិសុខ យកសំណុំរឿងការសម្លាប់រង្គាល ជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឡើងតុលាការឧក្រិដ្ឋកម្មអន្តជាតិ ទីក្រុងឡាអេ ឬក៏បង្កើតតុលាការអន្តរជាតិដូចធ្លាប់ បានធ្វើលើអតីតសាធារណរដ្ឋយ៉ូហ្គោស្លាវី។
នៅឯក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូយ៉ក) អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Nikki Haley ក៏បានបង្ហាញការគំាទ្រផងដែរ ក្នុងការនាំយកអ្នកទទួលខុសត្រូវ លើការសម្លាប់រង្គាលជនជាតិរ៉ូហ៊ីងយ៉ា ឡើងតុលាការអន្តរជាតិផងដែរ។ លោកស្រី Haley បានលើកឡើងយ៉ាងដូច្នេះថា «ការពិតនៃការបោសសំអាតជនជាតិដើមភាគតិច រ៉ូហ៊ីងយ៉ា គួរតែត្រូវបានលាតត្រដាង... ហើយក្រុមប្រឹក្សាសន្តិសុខត្រូវតែនាំខ្លួនអ្នកទទួលខុសត្រូវលើអំពើហិង្សា ឱ្យមកទទួលខុស ត្រូវចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត»។
សូមជម្រាបថា កាលពីថ្ងៃចន្ទ ក្រុមអ្នកស៊ើបអង្កេត UN បានចេញផ្សាយរបាយការណ៍ថ្មីមួយដោយចោទប្រកាន់ មេដឹកនាំយោធា មីយ៉ាន់ម៉ាចំនួន០៦រូប ក្នុងនោះរួមមានទំាងប្រមុខយោធា លោក Min Aung Hlaing គឺជាអ្នកទទួលខុសត្រូវលើការសម្លាប់រង្គាល ជនជាតិរ៉ុហ៊ីងយ៉ា និងគួរតែត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍។
តែយ៉ាងណាក៏ដោយ ទាំងរដ្ឋាភិបាលលោកស្រី អោងសាន ស៊ូជី និងក្រុមយោធា បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយដោយអះអាងថា ប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងរដ្ឋ Rakhine ធ្វើឡើងដើម្បីការពារជនស៊ីវិលតែប៉ុណ្ណោះ ខណៈជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ត្រូវបានសម្លាប់ និងច្រើនជាង ៧០០,០០០នាក់ រត់ភៀសខ្លួនទៅកាន់ព្រំដែនប្រទេសបង់ក្លាដែស។ អំពើហិង្សានៅក្នុងរដ្ឋ Rakhine បានផ្ទុះឡើងកាលពីខែសីហា ឆ្នាំ២០១៧ ក្រោយរដ្ឋាភិបាលមីយ៉ាន់ម៉ាចោទថា ក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា បានបើកការវាយប្រហារលើកងកម្លាំងសន្តិសុខរបស់ខ្លួន៕