(តេហេរ៉ង់)៖ រដ្ឋមន្ត្រីក្រសួងស៊ើបការណ៍សំងាត់អ៊ីរ៉ង់ លោក ម៉ាហ៍មួដ អាឡាវី (Mahmoud Alavi) បានឱ្យដឹងថា កងកម្លាំងសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ង់បានចាប់ខ្លួនទីភ្នាក់ងារស៊ើបការណ៍សំងាត់ ១០នាក់ ដែលបម្រើការឱ្យរដ្ឋាភិបាលផ្សេងៗពីគ្នា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។
លោក Mahmoud Alavi មិនបានបញ្ជាក់ពីពេលវេលានៃការចាប់ខ្លួនទីភ្នាក់ងារស៊ើបការណ៍សំងាត់ទាំងនេះនោះទេ ហើយក៏មិនបានបង្ហើបថា ពួកគេបម្រើការងារឱ្យប្រទេស ឬរដ្ឋណាមួយនោះដែរដោយគ្រាន់តែឱ្យដឹងថា ពួកគេគឺមានសញ្ជាតិពីរ។ លោក Alavi បានបន្ថែមដូច្នេះថា «អង្គភាពប្រឆាំងការស៊ើបការណ៍សំងាត់ នៃក្រសួងស៊ើបការណ៍សំងាត់បានកំណត់អត្តសញ្ញាណ និងបានចាប់ខ្លួនទីភ្នាក់ងារចារកម្ម ១០នាក់ បម្រើការងារឱ្យរដ្ឋាភិបាលផ្សេងៗពីគ្នា»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Mahmoud Alavi ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ISNA នៅថ្ងៃអង្គារសប្ដាហ៍នេះ និងចំពេលដែលអ៊ីរ៉ង់កំពុងមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក ជុំវិញការដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញរបស់លោក ដូណាល់ ត្រាំ។ ដោយឡែក បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីឆ្នាំ២០១៧ អ៊ីរ៉ង់ក៏ធ្លាប់បានចាប់ខ្លួន មនុស្ស ៣០នាក់ផងដែរ ហើយក្នុងភាគច្រើនត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្ម៕