(វ៉ាស៊ីនតោន)៖ អាមេរិក នឹងផ្អាកការធ្វើសមយុទ្ធយោធារបស់ខ្លួន នៅលើឧបទ្វីបកូរ៉េ ដោយការផ្អាកធ្វើសមយុទ្ធនេះ ត្រូវបានគេសម្រេចថា ជាវិធានការប្រកបដោយ «ទំនុកចិត្តល្អ» បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គឹម ជុនអ៊ុន, នេះបើតាមការបញ្ជាក់ពី ក្រសួងការពារជាតិអាមេរិក ហើយត្រូវបានចុះផ្សាយឲ្យដឹង ដោយសារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃទី២៨ ខែសីហានេះ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis បានលើកឡើងថា «យើងបានផ្អាកការធ្វើសមយុទ្ធយោធា ខ្នាតធំបំផុតជាច្រើន ដោយសារវាគឺជាវិធានការដ៏ល្អមួយ»។ យ៉ាងណាក៏ដោយ លោក Mattis មិនបានប្រាប់ឲ្យដឹងថា ការធ្វើសមយុទ្ធណាមួយជាមួយនឹងកងកម្លាំងសម្ព័ន្ធមិត្ត នៅក្នុងតំបន់ ដែលធ្វើឲ្យរដ្ឋាភិបាលទីក្រុង Pyongyang មានការខឹងសម្បារ កាលពីពេលកន្លងទៅនោះ នឹងត្រូវចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះនោះទេ។
លោក Mattis បន្ថែមថា «យើងកំពុងសំឡឹងមើលពីដំណើរការនូវអ្វី ដែលយើងបានចរចាគ្នា ហើយបន្ទាប់មក យើងនឹងគណនាពេលអនាគត ពីរបៀបដែលយើងត្រូវអនុវត្ត ឆ្ពោះទៅមុខ»។ លោក Mattis បានជំទាស់នៅពេលដែលត្រូវបានគេសួរថា ប្រសិនបើសមយុទ្ធចាប់ផ្តើមឡើងវិញ តើអាចត្រូវបានគេចាត់ទុកថា ជាការបង្កហេតុដែរឬទេ។
កាលពីខែមិថុនា បន្ទាប់ពីលោក ត្រាំ បានជួបជាមួយលោក គីម នៅសិង្ហបុរី, អាមេរិក បានលើកឡើងថា ខ្លួននឹងផ្អាកការធ្វើសមយុទ្ធមួយចំនួន ជាមួយនឹងកូរ៉េខាងត្បូង ក្នុងនោះរួមទាំងសមយុទ្ធខ្នាតធំ Ulchi Freedom Guardian ដែលគ្រោងធ្វើឡើង នៅខែសីហានេះផងដែរ។
កងកម្លាំងអាមេរិក និងកូរ៉េខាងត្បូង បានហ្វឹកហាត់រួមគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបានធ្វើឲ្យមានការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់កូរ៉េខាងជើង៕