(មីយ៉ាន់ម៉ា)៖ ថ្នាក់ដឹកនាំយោធាកំពូលៗរបស់មីយ៉ាន់ម៉ាជាច្រើននាក់ ក្នុងនោះរួមមានទាំងប្រមុខយោធា លោក Min Aung Hlaing លែងអាចប្រើប្រាស់ Facebook បានតទៅទៀតហើយ។ គណនីរបស់ពួកគេត្រូវបានក្រុមហ៊ុន Facebook លុបចោល បន្ទាប់ពីអង្គការសហប្រជាជាតិបានចោទប្រកាន់ថា ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាទាំងនេះ ជាពិសេសគឺ លោក Min Aung Hlaing គឺជាអ្នកទទួលខុសត្រូវលើការកាប់សម្លាប់ជនជាតិរ៉ូហ៊ីងយ៉ា ហើយថា គួរតែត្រូវបានចោទប្រកាន់ពីបទប្រល័យពូជសាសន៍ និងបទឧក្រិដ្ឋ ប្រឆាំងនឹងមនុស្សជាតិ។
ក្រុមហ៊ុន Facebook បានលុបចោលគណនីសរុបចំនួន១៨ Instagram ចំនួនមួយ និង Facebook Page ចំនួន៥២ ដែលមានអ្នកតាមមើលជិត១២លាននាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
តើរបាយការណ៍ UN បាននិយាយពីអ្វីខ្លះ?
របាយការណ៍ថ្មីមួយចេញផ្សាយដោយក្រុមអ្នកស៊ើបអង្កេត UN កាលពីថ្ងៃចន្ទ បានថ្កោលទោសយ៉ាងខ្លាំងចំពោះប្រតិបតិ្តការរបស់យោធាមីយ៉ាន់ម៉ា ប្រឆំាងនឹងជនជាតិ ដើមភាគតិចរ៉ូហ៊ីងយ៉ា។ អំពើហិង្សាបានផ្ទុះឡើងនៅក្នុងរដ្ឋ Rakhine កាលពីខែសីហា ឆ្នាំ២០១៧ ដោយបានផ្ដាច់ជីវិតជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ និងច្រើនជាង ៧០០,០០០នាក់ រត់ភៀសខ្លួនទៅកាន់ព្រំដែនប្រទេសបង់ក្លាដែស។
បន្ថែមពីលើនេះរបាយការណ៍ដដែលក៏បានសង្កត់ធ្ងន់ដែរថា មេដឹកនាំយោធាមីយ៉ាន់ម៉ា០៦រូប ក្នុងនោះរួមមានទំាងលោក Min Aung Hlaing គឺជាអ្នកទទួលខុសត្រូវលើការកាប់សម្លាប់ជនជាតិរ៉ូហ៊ីងយ៉ា ហើយថាគួរតែត្រូវបានចោទប្រកាន់ពីបទប្រល័យ ពូជសាសន៍ និងបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ។
ជនជាតិរ៉ូហ៊ីងយ៉ាជានរណា?
រ៉ូហ៊ីងយ៉ា ដែលភាគច្រើនជាគឺអ្នកកាន់សាសនាអ៉ីស្លាម គឺជាជនជាតិដើមភាគតិចមួយ នៅក្នុងរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែ ពួកគេមិនត្រូវបានទទួលស្គាល់ជាពលរដ្ឋស្របច្បាប់របស់មីយ៉ាន់ម៉ានោះទេ ដោយសារតែពួកគេត្រូវបានរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ាផ្ទាល់ ចាត់ទុកថា ជាជនអន្តោប្រវេសន៍ខុសច្បាប់មកពីបង់ក្លាដែស។
តើប្រជាជនមីយ៉ាន់ម៉ា នាំគ្នានិយាយអ្វីពីរ៉ូហ៊ីងយ៉ានៅលើបណ្ដាញទំនាក់ទំនងសង្គម?
ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីឆ្នាំ២០១៧ ធ្លាប់បានរាយការណ៍ថា មានការបង្ហោះសាររូបភាព និងការបញ្ចេញមតិ ច្រើនជាង១០០០មាតិកា នៅលើ Facebook ពាក់ព័ន្ធនឹងជនជាតិរ៉ូហ៊ីងយ៉ា។ ក៏ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងចំណោមសារទាំងនោះ ភាគច្រើនសុទ្ធតែជាសារបង្កជាការស្អប់ខ្ពើមប្រឆាំងនឹងរ៉ូហ៊ីងយ៉ា ដោយមានសារខ្លះថែមទាំងហៅជនជាតិដើមភាគតិច មួយនេះថាជាសត្វឆ្កែទៀតផង។
ចំណែកឯប្រមុខយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ក៏ត្រូវបានគេរាយការណ៍ថាបានបង្ហោះសារប្រឆាំងជនជាតិរ៉ូហ៊ីងយ៉ា ផងដែរ ដោយលោកនិយាយថាជនជាតិដើមភាគតិចមួយនេះគឺជាជនអន្តោប្រវេសន៍ខុសច្បាប់ ខណៈ Facebook បានហាមឃាត់ ការបញ្ចេញមតិ ឬការបង្ហោះសារទាំងឡាយណាមានលក្ខណៈបង្កជាការរើសអើងពូជសាសន៍ និងសាសនា។
Facebook បានធ្វើអ្វីខ្លះ?
កាលពីឆ្នាំ២០១៤ ក្រុមអ្នកជំនាញជាច្រើនបានព្រមាន Facebook ពីការរីកសាយនៃប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមួយនេះ ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ម្យ៉ាងវិញទៀត ទោះជាមានការព្រមាននេះក៏ដោយ ក៏ Facebook នៅតែ ត្រូវបានគេមើលឃើញថា មិនអាចទប់ស្កាត់ការបង្ហោះសារស្អប់ខ្ពើម លើជនជាតិរ៉ូហ៊ីងយ៉ា ឱ្យមានប្រសិទ្ធិភាពនោះទេ។ ក៏ប៉ុន្តែក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមមួយនេះ បានសន្យាថានឹងបិទគណនី Facebook ឬ Page ទាំងឡាយណាដែលមានបង្ហោះ មានលក្ខណៈរើសអើង អំពើហិង្សា និងបង្កការស្អប់ខ្ពើម។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP លោក Min Aung Hlaing មានគណនី Facebook ចំនួនពីរ ក្នុងនោះ មួយមានអ្នក Follow ១.៣លាននាក់ និងមួយទៀតមានអ្នក Follow ២.៨លាននាក់៕
ប្រភព៖ BBC