(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង នាថ្ងៃអង្គារនេះ បានទទូចឲ្យជប៉ុន ឈប់ធ្វើការទាមទារទឹកដី មកលើប្រជុំកោះមានទំនាស់ ហៅជាភាសាកូរ៉េថា Dokdo និងជាភាសាជប៉ុនថា Takeshima ដែលស្ថិតនៅចន្លោះប្រទេសទាំងពីរតទៅទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។
សម្រាប់រយៈពេល១៤ឆ្នាំជាប់ៗគ្នាកន្លងមកនេះ រដ្ឋាភិបាលទីក្រុងតូក្យូ បានធ្វើការទាមទារទឹកដីមកលើប្រជុំកោះខាងលើ តាមរយៈរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីវិស័យការពារជាតិ។ ចំណែកកូរ៉េខាងត្បូងវិញ បានចាត់ទុកទង្វើនេះថា គឺជាការបដិសេធរបស់ជប៉ុន ដែលមកទល់ពេលនេះ នៅតែមិនព្រមលុបលាងកំហុសកាលពីអតីតកាលរបស់ខ្លួន ខណៈប្រជុំកោះនេះ ត្រូវបានចាត់បញ្ចូលទៅក្នុងទឹកដីជប៉ុន កាលពីសម័យអាណានិគមឆ្នាំ១៩១០ដល់១៩៤៥របស់ជប៉ុន មកលើឧបទ្វីបកូរ៉េ។
គួរជម្រាបថា កូរ៉េខាងត្បូង ទទួលបានអធិបតេយ្យភាពលើសិទ្ធិកាន់កាប់ប្រជុំខាងលើឡើងវិញ ក្រោយពីរំដោះខ្លួនបានចេញពីនឹមអាណានិគមរបស់ជប៉ុន៕