(ម៉ូស្គូ)៖ មន្ទីរការពារជាតិអាមេរិក បញ្ចកោណ (Pentagon) ត្រូវគេរាយការណ៍ថា បានព្រមានទីក្រុងរីយ៉ាដ ដោយនឹងអាចឈប់ផ្តល់ការគាំទ្រចំពោះប្រតិបត្តិការយោធារបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន ក្រោយពីជនស៊ីវិលជាច្រើននាក់ ដែលភាគច្រើនជាកុមារបានបាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយ ទៅលើរថយន្តក្រុង កាលពីប៉ុន្មានសប្តាហ៍មុន។ នេះបើតាមការរាយការណ៍របស់បណ្តាញសារព័ត៌មានអាមេរិក CNN ដកស្រង់ខ្លឹមសារបន្តដោយសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។
កាលពីថ្ងៃទី០៩ ខែសីហា ការទម្លាក់គ្រាប់បែកតាមផ្លូវអាកាសមួយ ដែលត្រូវបានធ្វើឡើងដោយក្រុមចំរុះរបស់អារ៉ាប់ ដឹកនាំដោយអារាប៊ីសាអូឌីត នៅខេត្តភាគខាងជើងយេម៉ែននោះ បានត្រូវចំលើរថយន្តក្រុង មានផ្ទុកនូវអ្នកដំណើរភាគច្រើនជាកុមារ ហើយជាលទ្ធផលបានសម្លាប់ជីវិតមនុស្ស ៥១នាក់ ក្នុងនោះមានកុមាររហូតដល់ ៤០នាក់។
បើតាមការចុះផ្សាយរបស់ CNN រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ចេម ម៉ាត់ទីស (James Mattis) នឹងលោក ចូសិព វ៉ូទែល (Joseph Votel) ដែលជាប្រធានប្រតិបត្តិការយោធាអាមេរិក ប្រចាំនៅមជ្ឈិមបូព៌ាមានក្តីកង្វល់ជាខ្លាំងថា ទីក្រុងវ៉ាស៊ីនតោន ហាក់ដូចជាកំពុងគាំទ្រយុទ្ធនាការផ្លូវអាកាស របស់ក្រុមចម្រុះអារ៉ាប់ដឹកនាំអារ៉ាប៊ីសាអូឌីត ដែលបានផ្តាច់ជីវិតប្រជាជនស្លូតត្រង់អស់ជាច្រើន។ បើតាមប្រភពព័ត៌មានដដែល ការជួយជ្រោមជ្រែងផ្នែកយោធា និងពត៌មានសម្ងាត់របស់អាមេរិកទៅកាន់ទីក្រុងរីយ៉ាដ អាចនឹងត្រូវកាត់បន្ថយលុះត្រាតែអារ៉ាប៊ីសាអូឌីត ព្យាយាមកាត់បន្ថយចំនួនជនស៊ីវិលបាត់បង់ជីវិត ដោយសារប្រតិបត្តិការរបស់ខ្លួន នៅយេម៉ែន។
គួរជម្រាបថា ប្រទេសយេម៉ែនបានធ្លាក់ក្រោយជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃរវាងរដ្ឋាភិបាល ដែលមានប្រធានាធិបតីលោក អាដ រ៉ាប់ប៊ូហ៍ មែនសួរ ហាឌី (Adb Rabbuh Mansur Hadi) ជាអ្នកដឹកនាំ និងក្រុមឧទ្ទាមហ៊ូទី (Houthi) ចាប់តាំងពីឆ្នាំ២០១៥មក។ រីឯក្រុមយោធាចម្រុះដឹកនាំអារ៉ាប៊ីសាអូឌីត ដែលភាគច្រើនរួមមានបណ្តាប្រទេសជាប់ឈូងសមុទ្រពែកជាសមាជិកនោះ បាននិងកំពុងបន្តបើកការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងពួកហ៊ូទី ក្រោមសំណើរបស់លោក Hadi ចាប់តាំងពីខែមីនា ឆ្នាំ២០១៥មក៕