(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយថា សហភាពអឺរ៉ុបលែងអាចពឹងផ្អែកទាំងស្រុងលើ សហរដ្ឋអាមេរិកទៀតហើយ ក្នុងការការពារសន្តិសុខជាតិរបស់ខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។
លោក ម៉ាក្រុង បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមានរយៈពេលជាង ៩០នាទី នៅឯសន្និសីទអគ្គរដ្ឋទូតប្រចាំក្នុងទីក្រុងប៉ារីស នៅក្នុងសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះលោក ម៉ាក្រុង បានលើកឡើងថា «អឺរ៉ុបទាំងមូលលែងអាចពឹងផ្អែក ទាំងស្រុងលើសហរដ្ឋអាមេរិកទៀតហើយ ដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន... ហើយចាប់ពីឥឡូវនេះតទៅ វាពិតជាចាំបាច់ដែលអឺរ៉ុបត្រូវតែធានា និងពឹងផ្អែកលើខ្លួនឯង»។
គួរបញ្ជាក់ថា នៅក្នុងសន្ទរកថានោះលោក ម៉ាក្រុង ក៏បានលើកឡើងផងដែរពីស្ថានភាពនៅក្នុងប្រទេសស៊ីរី អនាគតសហភាពអឺរ៉ុប និងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (Brexit)៕