(ហ្សាការតា)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦.៤រ៉ិចទ័រ បានវាយប្រហារក្បែរកោះលុមបុក (Lombok) ភាគកណ្តាលឥណ្ឌូណេស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។
ភ្លាមៗបែបនេះពុំទាន់មានសេចក្តីរាយការណ៍ អំពីការបំផ្លិចបំផ្លាញ ឬមនុស្សរងគ្រោះ ដោយសារគ្រោះរញ្ជួយដីខាងលើនៅឡើយទេ។ ហេតុការណ៍រញ្ជួយផែនដីថ្មីនេះ មានជម្រៅ ១០គីឡូម៉ែត្រនៅក្រោមបាតសមុទ្រ ហើយវាពុំបានបង្កឲ្យមានការគំរាមកំហែង ពីរលកយក្សស៊ូណាមិនោះទេ។
គួរជម្រាបថា កោះលុមបុក (Lombok) នៃប្រទេសឥណ្ឌូណេស៊ី នាអំឡុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ បានរងការវាយប្រហារដោយរញ្ជួយដីកម្រិតធ្ងន់ជាបន្តបន្ទាប់ ចាប់តាំងពីចុងខែកក្កដាមក ដែលបានបណ្តាលឲ្យមនុស្សសរុបជិត ៥០០នាក់ បាត់បង់ជីវិត៕