(ហាណូយ)៖ របាយការណ៍ថ្មីមួយបានឱ្យដឹងថា បុរសជនជាតិវៀតណាមទាំងឡាយ តែងនិយមផឹកស្រាដែលមានជាតិអាល់កុលទាំង ០៥កម្រិតក្នុងមួយថ្ងៃៗតែម្តង ហើយដែលចំនួននេះ គឺស្ថិតក្នុងកម្រិតខ្ពស់បំផុតប្រចាំតំបន់អាស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។
យោងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃអង្គារនេះ ដោយទស្សនាវដ្ដីវេជ្ជសាស្រ្ត Lancet មួយកម្រិតស្ដង់ដានៃកម្រិតជាអាល់កុល គឺស្មើនឹង ១០ក្រាម នៃជាតិអាល់កុល ឬក៏អាចថាស្មើនឹងមួយកែវតូចនៃស្រាបៀ (wine)។ បន្ថែមពីលើនេះ របាយការណ៍ដដែលក៏បានឱ្យដឹងដែរថា ស្ត្រីវៀតណាមផឹកស្រាតិចជាងស្ដង់ស្ដារស្រាកម្រិតទីមួយក្នុងមួយថ្ងៃ ពោលគឺត្រូវចាត់បញ្ចូលក្នុងក្រុមអ្នកផឹកស្រា មានជាតិអាល់កុលស្រាលនៅលើពិភពលោក។
គួរបញ្ជាក់ថា បើតាមស្ថិតិរបស់អាជ្ញាធរវៀតណាម ១០ភាគរយ នៃប្រជាជនវៀតណាម បានផឹកស្រាហួសហេតុ។ ប្រជាជនវៀតណាមផឹកស្រា ០៤ពាន់លានលីត្រ កាលពីឆ្នាំ២០១៧ ឬកើនឡើង ០៦ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៦។ ចំណែកឯ ការចំណាយប្រចាំឆ្នាំលើស្រាមានរហូតដល់ ៣.៤ពាន់លានដុល្លារ ក្នុងនោះជិត ៩០ភាគរយ នៃប្រាក់ទាំងអស់ត្រូវចំណាយឱ្យក្រុមហ៊ុនស្រាបរទេស៕