(ទ្រីប៉ូលី)៖ រដ្ឋមន្រ្តីមហាផ្ទៃលីប៊ីលោក អាប់ឌុលសាឡេម អាហ្សួរ (Abdulsalam Ashour) បានឲ្យដឹងថា កិច្ចព្រមព្រៀងបទឈប់បាញ់មួយត្រូវសម្រេចបាននៅរដ្ឋធានីទ្រីប៉ូលី ក្រោយពីមានការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមរវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។
លោក Ashour បានប្រាប់ថ្លែងបណ្តាញសារព័ត៌មានក្នុងស្រុកថា បទឈប់បាញ់ខាងលើ ត្រូវសម្រេចបាន បន្ទាប់ពីកងកម្លាំងសន្តិសុខទ្រីប៉ូលី បានដណ្តើមកាន់កាប់ទីតាំងមួយចំនួនរបស់ក្រុមសកម្មប្រយុទ្ធ នៅក្នុងរដ្ឋធានីរបស់ប្រទេសលីប៊ី។ ចាប់តាំងថ្ងៃអាទិត្យមក តំបន់ភាគខាងត្បូងលីប៊ីបានផ្ទុះអំពើហិង្សាប៉ះទង្គិចគ្នាយ៉ាងក្តៅគគុក រវាងកងកម្លាំងរបស់រដ្ឋាភិបាល ដែលមានការទទួលស្គាល់ដោយអង្គការសហប្រជាជាតិ និងក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ ដែលបានផ្តាច់ជីវិតមនុស្ស ០៥នាក់ និងបង្កឲ្យរបួស ៣៣នាក់ ខណៈមូលហេតុនៃការប្រយុទ្ធគ្នានេះ នៅមិនទាន់ដឹងច្បាស់នៅឡើយ។
គួរជម្រាបថា នៅក្រោយការបះបោរកាលពីឆ្នាំ២០១១ ដែលបានផ្តួលរំលំរដ្ឋាភិបាលអាយុកាល ៤២ឆ្នាំ របស់អតីតមេដឹកនាំលោក មួម៉ារ ហ្គាដាហ្វី (Muammar Gaddafi) លីប៊ីបានបន្តរងគ្រោះដោយសារអំពើហិង្សា និងភាពវឹកវរ ព្រមទាំងការបែកបាក់ផ្នែកនយោបាយយ៉ាងខ្លាំងក្លាបំផុត៕