(អាមេរិក)៖ ខណៈបេសកកម្មសំខាន់ៗនាពេលអនាគត ភាគច្រើនអាចត្រូវធ្វើឡើងក្នុងផ្ទៃសមុទ្រ ដូចជានៅលើព្រះច័ន្ទទឹកកក Europa របស់ភពព្រហស្បតិ៍ (Jupiter) និងព្រះច័ន្ទ Enceladus របស់ភពសៅរ៍ (Saturn) ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងធ្វើការស្វែងយល់ឲ្យកាន់តែច្បាស់ជាមុនសិន អំពីបរិស្ថានស្រដៀងគ្នានេះ នៅលើភពផែនដី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Popular Science នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។
ក្នុងរយៈពេលជិត ៦០ឆ្នាំ កន្លងមកនេះមនុស្សលោកបាន និងកំពុងបន្តធ្វើការរុករកក្នុងទីអវកាស ប៉ុន្តែនាអំឡុងពេលដ៏យូរនេះ យើងមិនធ្លាប់បានរកឃើញភស្តុតាងជាក់ស្តែង នៃជីវិតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ពោលគឺក្រៅតែពីនៅលើភពផែនដីឡើយ។ ទោះបីជាដូច្នេះក្តី អ្នកវិទ្យាសាស្រ្ត នៅតែយល់ថា ទម្រង់ជីវិតណាមួយផ្សេង ប្រហែលជាមានវត្តមាននៅក្នុងទីអវកាសដ៏ធំល្វឹងល្វើយនេះ ក៏ប៉ុន្តែកន្លែងដែលផ្តល់លទ្ធភាពខ្ពស់បំផុតនៃជម្រកជីវិតនោះ គឺស្ថិតនៅកប់ពីក្រោយស្រទាប់ផ្ទាំងទឹកកកយ៉ាងក្រាស់ នៅលើព្រះច័ន្ទដូចជា Europa និង Enceladus ជាដើម។
គម្រោងបេសកកម្មដូចជា Europa Clipper និងបេសកកម្មដែលអាចកើតមានឡើងនាថ្ងៃអនាគត ដែលឆ្ពោះទៅកាន់ Enceladus អាចនឹងតាមស្វែងរកភស្តុតាងនៃជម្រកជីវិត ឬទម្រង់ជីវិតជាពពួកមីក្រូសារពាង្គកាយ នៅក្នុងផ្ទៃសមុទ្រ ដែលលាក់ពួននៅក្រោមផ្ទាំងខាងលើរបស់ព្រះច័ន្ទទាំងនេះ។
យ៉ាងណាមិញ មុនពេលយើងធ្វើដំណើរទៅកាន់កន្លែងទាំងអស់នោះ NASA ត្រូវបង្កើនការយល់ដឹងរបស់ខ្លួនថា តើបរិស្ថានទាំងនេះ ប្រហែលអាចមានលក្ខណៈយ៉ាងដូចម្តេច។ ជាការគាប់ជួនកន្លែងដ៏ប្រសើរបំផុតសម្រាប់រឿងនេះ គឺនៅលើផែនដីយើងផ្ទាល់តែម្តង ព្រោះបរិស្ថានក៏ស្រដៀងនឹង Enecladus ឬក៏ Europa និងចំណេញធនធានច្រើនក្នុងការស្រាវជ្រាវប្រកបដោយប្រសិទ្ធភាព។
គួរជម្រាបថា នាពេលឆាប់ៗខាងមុខ តំបន់ចម្ងាយប្រហែលជិត ០៤គីឡូម៉ែត្រ នៅក្រោមផ្ទៃសមុទ្រ ពោលគឺតំបន់ភ្នំភ្លើងនៅក្រោមបាតសមុទ្រនៃកោះហាវ៉ៃ នឹងក្លាយជាទីតាំងនៃបេសកកម្មថ្មីរបស់ NASA ហៅកាត់ថា SUBSEA ដែលមានគោលដៅរុករក និងសិក្សាពីភាពអាចទ្រទ្រង់ជីវិតបាន នៃភ្នំភ្លើងក្រោមបាតសមុទ្រ Lōʻihi Seamount ដើម្បីធ្វើជាឧទាហរណ៍ប្រៀបធៀបជាមួយព្រះច័ន្ទទាំងឡាយដូចជា Enceladus ជាដើម៕