(ម៉ូស្គូ)៖ សហរដ្ឋអាមេរិក​ប្រហែលជាមិនមែន​កំពុងចរចាជា​មួយកូរ៉េខាងជើង ដោយមានឆន្ទៈ​ពិតប្រាកដនោះទេ បន្ទាប់ពី​លោក ដូណាល់ ត្រាំ បញ្ជាឱ្យរដ្ឋមន្ត្រី​ការបរទេសអាមេរិ​ក លោក ម៉ៃក៍ ប៉ុមប៉េអូ លុបចោល​ដំណើរ​ទស្សនកិច្ច​​ទៅកាន់​កូរ៉េខាងជើង ដែល គ្រោងនឹងធ្វើ​ឡើងនៅក្នុង​សប្ដាហ៍នេះ។ នេះបើតាមអ្នក​ជំនាញវិទ្យាសាស្ត្រនយោបាយ​ម្នាក់ ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។

កាលពី​សប្ដាហ៍មុន​លោក ដូណាល់ ត្រាំ បានបញ្ជា​ឱ្យលោក ប៉ុមបេអូ លុបចោល​ដំណើរទស្សនកិច្ច ទៅកាន់ប្រទេស​កូរ៉េខាងជើង ដោយអះអាងថា ទីក្រុងព្យុងយ៉ាង​មិនបានបំពេញ​គ្រប់គ្រាន់នូវ ដែលខ្លួនបាន​សន្យានៅក្នុងជំនួបកំពូល​រវាងលោក និងលោក គីម ជុងអ៊ុន នៅប្រទេស​សិង្ហបុរី កាលពីខែមិថុនា​កន្លងទៅនោះឡើយ។

ក៏ប៉ុន្តែ​ការលើកឡើងរបស់លោក ត្រាំ ខាងលើនេះគឺផ្ទុយទាំង​ស្រុងនឹង អ្វីដែលលោកធ្លាប់​បានអះអាងថា កូរ៉េខាងជើង​កំពុងដើរលើ​ផ្លូវត្រូវក្នុងការរំសាយ​អាវុធនុយក្លអ៊ែរ ហើយមិនតែ​ប៉ុណ្ណោះលោក​ក៏ធ្លាប់ ទំាងអួតអាង​ទៀតថា ប្រើពេលតែបី​ខែ​ប៉ុណ្ណោះ អាចដោះស្រាយ​ជាមួយកូរ៉េខាងជើង​ ផ្ទុយពីប្រធានាធិបតី​អាមេរិក​មុនៗ ដែល ចំណាយពេល​ដោះស្រាយជាមួយ​ទីក្រុងព្យុងយ៉ាង​ជាង ៣០ឆ្នាំ តែមិនបានលទ្ធផល​អ្វីទាល់តែ​សោះ។

យ៉ាងណា​ក៏ដោយ ការសម្រេចចិត្តលុបចោល​ដំណើរទស្សនកិច្ចរបស់​លោក ប៉ុមប៉េអូ ត្រូវបាន​កូរ៉េខាងជើង​រិះគន់យ៉ាង​ខ្លាំង ជាមួយនិង​ការចោទប្រកាន់ថា សហរដ្ឋអាមេរិក បានក្បត់ទីក្រុង​ព្យុងយ៉ាង ដោយលួចលាក់ធ្វើ​សមយុទ្ធយោធាផ្លូវអាកាស​ជាមួយជប៉ុន ខណៈ​កូរ៉េខាងត្បូង​បានត្រឹមបង្ហាញ​ការសោកស្ដាយ។

ជុំវិញបញ្ហានេះទៀតដែរ អ្នកជំនាញវិទ្យាសាស្ត្រ​នយោបាយ​លោកស្រី គ្រីស្ទាន ហុង (Christine Hong) បានប្រាប់​សារព័ត៌មាន Sputnik ថា សហរដ្ឋអាមេរិក ប្រហែលជា​មិនមែនកំពុងចរចាជា​មួយកូរ៉េខាងជើង ដោយ​មានឆន្ទៈពិតប្រាកដ​នោះទេ ពោលគឺសហរដ្ឋអាមេរិក នៅតែរក្សាមហិច្ឆតា​ប្រើប្រាស់ភាពតានតឹង​នៅលើឧបទ្វីបកូរ៉េ ដើម្បី​ពង្រីក និងរក្សាឥទ្ធិពលយោធា​របស់ខ្លួននៅក្នុង​តំបន់ ក៏ដូចជាដើម្បី​ប្រើវាជាលេសដាក់​ទណ្ឌកម្ម ឬ​សម្ពាធលើ​ចិន និងរុស្ស៊ី តាមរយៈការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច នៅពេលដែលពួក​គេរកឃើញថា ទីក្រុងប៉េកាំង និងទីក្រុ​ងម៉ូស្គូ គាំទ្រ​កូរ៉េខាងជើងក្នុងទម្រង់​ណាមួយ ដែលផ្ទុយ​នឹងទណ្ឌកម្ម​អន្តរជាតិ។

លោកស្រី Hong បានលើក​ឧទាហរណ៍​ទៀតថា រឿងបែបនេះ​ក៏ធ្លាប់បានកើតឡើង​នៅអំឡុង​សម័យ ដែល​សហរដ្ឋអាមេរិក​ស្ថិត នៅក្រោមការដឹកនាំ​របស់អតីត​ប្រធានាធិបតី​​អាមេរិក លោក ចច ដាប់ប៊ែលយូ ប៊ូស។ លោក ប៊ូស នៅពេលនោះ​ហាក់​ដូចជា បានបង្កើត​ទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងជើង​ដូចលោក ត្រាំ នាពេល​បច្ចុប្បន្ននេះ​ដែរ។

ប៉ុន្តែនៅទីបញ្ចប់ភាពតាន​តឹងនៅតែ​ផ្ទុះឡើងវិញជាថ្មី ហើយលើសពីនេះ​ទៅទៀត លោក ប៊ូស ថែមទាំងបានប្រឆាំង​នឹងគោលនយោបាយ​ព្រះអាទិត្យរះ (Sunshine Policy) ដែលបានព្រមព្រៀង​គ្នាឡើងដោយ​អតីតប្រធានាធិបតី​កូរ៉េខាងត្បូង លោក គីម ដេជុង និងអតីតមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ីល (ឪពុកលោក គីម ជុងអ៊ុន) នៅឆ្នាំ១៩៩៨ ផងដែរ។

គួរបញ្ជាក់ថា បើតាម​លោកស្រី Christine Hong ស្ថានភាពនៅលើ​ឧបទ្វីបកូរ៉េ​ អាចប្រែប្រួលគ្រប់​ពេលវេលា អាស្រ័យទៅលើ ស្ថានភាពនៃទំនាក់រវាង​សហរដ្ឋអាមេរិក និងចិន។ ស្ថានភាពនៅលើ​ឧបទ្វីបកូរ៉េ បានជួបភាពស្ងប់ស្ងាត់​អស់រយៈពេលជាង ២០០ ថ្ងៃមកហើយ ក្រោយទីក្រុងព្យុងយ៉ាង​ផ្អាកធ្វើតេស្ដ​អាវុធនុយក្លេអ៊ែរ និងមីស៊ីល តាមអ្វីដែលបាន​សន្យានៅក្នុងជំនួបជាមួយ​លោក មូន ជែអ៊ីន និងលោក ដូណាល់​ ត្រាំ។ ប៉ុន្តែមួយរយៈពេលចុង​ក្រោយនេះ ភាពតានតឹងបានផ្ទុះ​ឡើងជាបន្តបន្ទាប់រវាង សហរដ្ឋអាមេរិក និងកូរ៉េខាងជើងក្រោយមាន​សេចក្ដីរាយការណ៍ជា​បន្តបន្ទាប់​ថា កូរ៉េខាងជើងនៅតែបន្ត​លួចលាក់ អភិវឌ្ឍន៍​កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល​នៅឡើយ៕