(វ៉ាស៊ីនតោន)៖ ក្រោយទទួលរងការរិះគន់ និងសម្ពាធជាបន្តបន្ទាប់ នៅទីបំផុតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យក្រុមមន្ត្រីអាមេរិក បង្ហូតទង់ជាតិមកត្រឹមពាក់កណ្ដាលដង ដើម្បីជាកិច្ចគោរពដល់វិញ្ញាណក្ខន្ធរបស់អតីតបេក្ខជនប្រធានាធិបតីអាមេរិក និងជាសមាជិកព្រឹទ្ធសភាលោក ចន ម៉ាខេន (John McCain)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនលោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «បើទោះបីជាមានការខ្វែងគំនិតគ្នា ទាំងបញ្ហាគោលនយោបាយ និងនយោបាយក៏ដោយ ក៏ខ្ញុំនៅតែគោរពដដែលចំពោះការបម្រើការងារជូនប្រទេសជាតិ របស់សមាជិកព្រឹទ្ធសភាលោក John McCain... ដូច្នេះខ្ញុំបញ្ជាឱ្យបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាល រហូតដល់ប្រារព្ធពិធីបញ្ចុះសពរបស់លោកនៅថ្ងៃអាទិត្យសប្ដាហ៍នេះ»។
គួរបញ្ជាក់ថា លោក John McCain បានទទួលមរណភាពក្នុងវ័យ ៨១ឆ្នាំ ដោយសារជំងឺដុះដុំសាច់ក្នុងខួរក្បាល កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន នៅឯគេហដ្ឋានរបស់លោកក្នុងរដ្ឋអារីហ្សូណា។ ប៉ុន្តែទន្ទឹមគ្នានោះដែរមានសេចក្ដីរាយការណ៍ជាច្រើនឲ្យដឹងថា លោក ត្រាំ ត្រូវបានគេរំពឹងថានឹងមិនចូលរួមក្នុងពិធីបុណ្យសពរបស់លោក ម៉ាខេន ឡើយ ខណៈប្រធានាធិបតីអាមេរិករូបនេះបាននិយាយដោយផ្ទាល់មាត់ថា អនុប្រធានា ធិបតីលោក ម៉ៃក៍ ភែន (Mike Pence) នឹងថ្លែងសុន្ទរកថាមួយនៅឯពិធីគោរពដល់លោក McCain នៅថ្ងៃសុក្រសប្ដាហ៍នេះនៅឯវិមាន Capitol៕