(តូក្យូ)៖ ក្រសួងការពារជាតិជប៉ុន នៅថ្ងៃអង្គារនេះបានអះអាងថា កូរ៉េខាងជើង នៅតែជាការគំរាមកំហែងដ៏ធំដល់សន្តិសុខជាតិរបស់ខ្លួន បើទោះបីជាទីក្រុងព្យុងយ៉ាងផ្អាកការធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរ ព្រមទាំងមានការសន្យាពីមេដឹកនាំលោក គីម ជុងអ៊ុន ថានឹងលុបបំបាត់អាវុធនុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េក៏ដោយ។ នេះបើតាមការចេញការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់ក្រសួងការពារជាតិជប៉ុន ធ្វើឡើងនៅក្នុងសៀវភៅសប្រចាំឆ្នាំមួយចេញផ្សាយនៅថ្ងៃអង្គារនេះ ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងជើង កំពុងតឹងសសៃកដាក់គ្នាក្រោយលោក ដូណាល់ ត្រាំ បញ្ជាឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េ លុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ដែលដំបូងឡើយគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងសប្ដាហ៍នេះ។
នៅក្នុងសៀវភៅសដដែល ក្រសួងការពារជាតិជប៉ុនបានគូសបញ្ជាក់យ៉ាងដូច្នេះថា «សកម្មភាពយោធារបស់កូរ៉េខាងជើង នៅតែជាការ គំរាមកំហែងដ៏ធំដល់សន្តិសុខជាតិជប៉ុន... ហើយយើងត្រូវតែចាំបាច់រក្សាការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការឃ្លាំមើលសកម្មភាពរបស់កូរ៉េខាងជើង ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ពួកគេ»។
គួរជម្រាបថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងជាសាធារណថា កូរ៉េខាងជើងលែងក្លាយជាការ គំរាមកំហែងនុយក្លេអ៊ែរទៀតហើយ បន្ទាប់ពីលោកបានជួបជាមួយលោក គីម ជុងអ៊ុន នៅក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនាកន្លងទៅ៕