(តេហេរ៉ង់)៖ រដ្ឋាភិបាលអ៉ីរ៉ង់ នៅថ្ងៃចន្ទនេះ បានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដកទណ្ឌកម្មសេដ្ឋកិច្ចរបស់ សហរដ្ឋអាមេរិក បន្ទាប់ពីលោក ដូណាល់ ត្រាំ សម្រេចចិត្តបោះបង់ចោលកិច្ចព្រមព្រៀងស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។
យោងតាមមេធាវីរដ្ឋាភិបាលអ៉ីរ៉ង់ លោក Mohsen Mohebi សហរដ្ឋអាមេរិកកំពុងបំផ្លាញសេដ្ឋកិច្ចអ៉ីរ៉ង់ ឱ្យកាន់តែធ្ងន់ធ្ងរតាមដែល អាចធ្វើទៅបាន ហើយដែលនេះគឺជាទង្វើរំលោភលើសន្ធិសញ្ញាមិត្តភាពឆ្នាំ១៩៥៥។ ដូច្នេះ ICJ ដែលជាស្ថាប័នមួយដ៏សំខាន់របស់ អង្គការសហប្រជាជាតិ គួរតែលុបចោលការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក មកលើទីក្រុងតេហេរ៉ង់។
គួរបញ្ជាក់ថា សេដ្ឋកិច្ចអ៉ីរ៉ង់ បានជួបបញ្ហាចាប់តាំងពីលោក ដូណាល់ ត្រាំ ចេញបញ្ជាឱ្យដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៉ីរ៉ង់សាជាថ្មី។ រីឯ អ្នកជំនាញខ្លះយល់ថាទីក្រុងវ៉ាស៊ីនតោនចង់ប្រើ ទណ្ឌកម្មនេះ ដាក់សម្ពាធលើរបបដឹកនាំទីក្រុងតេហេរ៉ង់ឱ្យដកកងទ័ពចេញពីស៊ីរី និងចង់ឱ្យសេដ្ឋកិច្ចអ៉ីរ៉ង់ចលាចលរហូតដល់បង្ខំឱ្យ ប្រជាជនអ៉ីរ៉ង់ ងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលអ៉ីរ៉ង់សព្វថ្ងៃ៕