(ញូយ៉ក)៖ របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយថា ថ្នាក់ដឹកនាំយោធាកំពូលៗរបស់មីយ៉ាន់ម៉ា មួយចំនួនគួរតែត្រូវបានស៊ើបអង្កេតពីបទប្រល័យពូជសាសន៍ លើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋ Rakhine រួមទាំងបទ ឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ នៅក្នុងតំបន់ដទៃទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។

របាយការណ៍ខាងលើដែលធ្វើឡើងដោយក្រុមអ្នកស៊ើបអង្កេត UN​ តាមរយៈការសាកសួរសាក្សីរាប់ពាន់នាក់ ក៏បានថ្កោលទោស យ៉ាងខ្លាំងផងដែរ ចំពោះហិង្សាប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា។ ម្យ៉ាងវិញទៀត នៅក្នុងរបាយការណ៍ នេះគេឃើញមានឈ្មោះឧត្ដម សេនីយ៍យោធាមីយ៉ាន់ម៉ាកំពូលៗចំនួន០៦រូប ក្នុងនោះរួមមានទាំងប្រមុខកងទ័ព លោក Ming Aung Hlaing សុទ្ធតែត្រូវបាន ចោទប្រកាន់ថាជាអ្នកទទួលខុសត្រូវ និងគួរតែត្រូវបានស៊ើបអង្កេតពីបទប្រល័យពូជសាសន៍លើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា។

សូមជម្រាបថា របាយការណ៍ខាងលើដដែល បានចាត់ទុកថារដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សានស៊ូជី បានបរាជ័យក្នុងការ ការពារជនស៊ីវិល និងបណ្ដោយឱ្យមានការស្អប់ខ្ពើមចំពោះជនជាតិរ៉ូហ៊ីងយ៉ា។ អំពើហិង្សាលើជនជាតិរ៉ូហ៊ីងយ៉ា បានផ្ទុះឡើងកាលពី ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីរដ្ឋាភិបាលចោទថាក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា វាយប្រហារលើកងកម្លាំងសន្តិសុខរដ្ឋាភិបាល ដែល ត្រូវបានគេរាយការណ៍ថាបានសម្លាប់ រំលោភបំពានផ្លូវភេទ និងបណ្ដេញជនជាតិរ៉ូហ៊ីងយ៉ាជាង ៧០០,០០០នាក់ ទៅកាន់ព្រំដែន បង់ក្លាដែស៕