(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ​គ្រោះទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​ដែលបង្កឡើងដោយ​ព្យុះទីហ្វុង និងព្យុះត្រូពិច នៅខេត្តសានទុង (Shandong) ភាគខាងកើត​​​ប្រទេសចិន​បានផ្តាច់ជីវិតមនុស្ស ១៤នាក់ ហើយបង្កការខាតបង់​ផ្នែកសេដ្ឋកិច្ចសម្រាប់​ខែនេះ​ប្រមាណ ១.៤៧ពាន់លានដុល្លារ៕

 

២៖ រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់​លោក ហៃកូ ម៉ាអាស (Heiko Maas) ​បានលើក​ឡើងថា អឺរ៉ុប​គួរឲ្យ​គិតគូរវាយតម្លៃឡើងវិញទៅ លើភាព​​ជាដៃ​គូជាមួយ​សហរដ្ឋអាមេរិក និងបានទទូចឲ្យ​អឺរ៉ុបរួមគ្នា​បញ្ចេញប្រតិកម្ម​ ចំពោះគោលនយោបាយទាក់ទិនការដាក់ ទណ្ឌកម្ម​របស់​ទីក្រុង​​វ៉ាស៊ីនតោន ទៅលើ​ប្រទេសរុស្ស៊ី ចិន តួកគី ក៏ដូចជាដៃគូសេដ្ឋកិច្ច​សំខាន់ៗ​ឯទៀតៗ៕

 

៣៖ ​ទីបំផុត​អ្នកវិទ្យាសាស្រ្ត​អង់គ្លេស​មួយក្រុម​បានប្រកាសថា ពួកគេបានរកឃើញ​ហើយថា​ តើ​ DNA របស់ដាយណូស័រ​​​មាន​លក្ខណៈពេញលេញ​បែបណានោះ៕

 

៤៖ មេដឹកនាំកំពូល​មួយរូបរបស់ក្រុម​ភេរវករ ISIS នៅប្រទេស​អាហ្វហ្គានីស្ថាន បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារ​​​ដោយ​មីស៊ីលរយៈចម្ងាយ​ឆ្ងាយ ​របស់ក្រុមយោធា​ចម្រុះអន្តរជាតិដឹកនាំដោយ​សហរដ្ឋអាមេរិក ទៅលើ​​សំបុក​ ISIS នៅខេត្តណាងហ្គាហា (Nangarhar) ភាគ​ខាងកើតប្រទេស៕

 

៥៖ កូរ៉េខាងត្បូង​នៅថ្ងៃចន្ទនេះ​បាននិយាយថា ការលុបចោលដំណើរ​ទស្សនកិច្ចទៅកាន់​កូរ៉េខាងជើង របស់រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមអូ អាចនឹងជះ​ឥទ្ធិពលអវិជ្ជមាន​ដល់គំរោងបង្កើត «ការិយាល័យ​ទំនាក់ទំនង​អន្តរកូរ៉េ» ដែលគ្រោងនឹង​បើកនៅក្នុង​ខែសីហានេះ៕

 

៦៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ត្រូវគេរាយការណ៍​ថា បានទាត់ចោល​សេចក្តី​ថ្លែងការណ៍​​របស់​ក្រុមមន្រ្តី​​សេតវិមាន ដែលមានបំណងចង់​សម្តែងការកោតស្ញប់ស្ញែង ​ចំពោះ​ស្នាដៃនានារបស់ព្រឹទ្ធសមាជិក​អាមេរិក លោក ចន ម៉ាខេន (John McCain) ដែល​​ទើប​តែ​​ទទួល​មរណភាព៕