(ប៊ែរឡាំង)៖ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក ហៃកូ ម៉ាអាស (Heiko Maas) បានលើកឡើងថា អឺរ៉ុបគួរឲ្យគិតគូរវាយតម្លៃឡើងវិញទៅលើភាពជាដៃគូជាមួយសហរដ្ឋអាមេរិក និងបានទទូចឲ្យអឺរ៉ុបរួមគ្នាបញ្ចេញប្រតិកម្ម ចំពោះគោលនយោបាយទាក់ទិនការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ទៅលើប្រទេសរុស្ស៊ី ចិន តួកគី ក៏ដូចជាដៃគូសេដ្ឋកិច្ចសំខាន់ៗឯទៀតៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។
លោក Maas បាននិយាយថា អឺរ៉ុបត្រូវការភាពជាដៃគូថ្មី ដែលមានតុល្យភាពជាមួយសហរដ្ឋអាមេរិក ហើយអឺរ៉ុបគួរតែបញ្ចេញប្រតិកម្មចំពោះទង្វើរបស់សហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មយ៉ាងអណាធិបតេយ្យប្រឆាំងនឹងរុស្ស៊ី ចិន និងតួកគី ហើយនាពេលអនាគតប្រហែលអាចប្រឆាំងទៅលើដៃគូពាណិជ្ជកម្មសំខាន់ៗដទៃទៀតក៏ថាបានដែរ។ នាឱកាសនោះ លោក Maas ក៏បានអំពាវនាវឲ្យមានការខិតខំប្រឹងប្រែង ពង្រឹងស្វយ័តភាព និងអធិបតេយ្យភាពនៃគោលនយោបាយពាណិជ្ជកម្ម សេដ្ឋកិច្ច និងហិរញ្ញវត្ថុអឺរ៉ុបផងដែរ។
គួរជម្រាបថា នាពេលកន្លងមកនេះ សហភាពអឺរ៉ុបបានសន្យាថា នឹងទប់ទល់ការដាក់ទណ្ឌកម្មជាថ្មីឡើងវិញរបស់វ៉ាស៊ីនតោនទៅលើតេហរ៉ង់ និងបានព្យាយាមបញ្ចុះបញ្ចូលឲ្យអ៊ីរ៉ង់ បន្តគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA ដែលអាមេរិកបានបោះបង់ចោលកាលពីដើមខែឧសភាកន្លងទៅ៕