(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី ថេរ៉េសា ម៉ាយ (Theresa May) បានបង្គាប់ឲ្យមន្រ្តីពាក់ព័ន្ធ ចាប់ផ្តើមអភិវឌ្ឍន៍ប្រព័ន្ធផ្កាយរណបថ្មីសម្រាប់ចង្អុលបង្ហាញទីតាំង (Navigation Satellite) នៅចំពោះមុខបញ្ហាវិវាទជាមួយសហភាពអឺរ៉ុប (EU) ជុំវិញសិទ្ធិប្រើប្រាស់ប្រព័ន្ធផ្កាយរណប Galileo របស់ EU ក្រោយអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ នេះបើតាមសេចក្តីរាយការណ៍របស់ព័ត៌មានអង់គ្លេស Telegraph ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។
រដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេសលោក ហ្វីលីព ហាម៉ុនដ៍ (Philip Hammond) ជាដំបូងបានចុះហត្ថលេខាលើមូលនិធិទំហំ ១២៩លានដុល្លារ ដើម្បីរៀបចំផែនការលម្អិតសម្រាប់គម្រោងអភិវឌ្ឍន៍ផ្កាយរណបខាងលើ ដែលត្រូវគេប៉ាន់ប្រមាណថា អាចនឹងចំណាយទុនចន្លោះពី ៣.៨៦ពាន់លានដុល្លារ រហូតដល់ ៦.៤៣ពាន់លានដុល្លារ។
ការបង្ហើបឲ្យដឹងពីព័ត៌មាននេះ បានកើតមានឡើងស្របពេលដែលក្រុមមន្រ្តី EU បានលើកឡើងថា ចក្រភពអង់គ្លេសដែលគ្រោងនឹងដកខ្លួនចេញពីសហភាពអឺរ៉ុបក្នុងរយៈពេល ០៧ខែខាងមុខនោះ អាចនឹងត្រូវដកហូតសិទ្ធិទទួលបានព័ត៌មានសន្តិសុខសំខាន់ៗរបស់ប្រព័ន្ធផ្កាយរណបអឺរ៉ុប Galileo។
គួរជម្រាបថា Galileo ដែលជាកម្មវិធីផ្កាយរណបតម្លៃជាង ១១ពាន់លានដុល្លារ និងកំពុងត្រូវអភិវឌ្ឍន៍ឡើងដោយ EU ដើម្បីប្រឡងប្រណាំងជាមួយប្រព័ន្ធ GPS របស់អាមេរិកនោះ មានគោលដៅចម្បងប្រាប់ពីទីតាំង ក៏ដូចជានាំផ្លូវ និងផ្តល់ព័ត៌មានពីពេលវេលាបានត្រឹមត្រូវជាក់លាក់ សម្រាប់រដ្ឋាភិបាល ជនស៊ីវិល ឧស្សហកម្ម និងយោធា៕