(ឡុងដ៍)៖ ទីបំផុតអ្នកវិទ្យាសាស្រ្តអង់គ្លេសមួយក្រុមបានប្រកាសថា ពួកគេបានរកឃើញហើយថា តើ DNA របស់ដាយណូស័រមានលក្ខណៈពេញលេញបែបណានោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអង់គ្លេស BBC នៅរសៀលថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Kent បានឲ្យដឹងការខិតខំរបស់ពួកគេ បានគាស់កកាយរកឃើញពីអាថ៌កំបាំងនៃហ្សែន (Gene) ដែលនៅពីក្រោយមូលហេតុថា តើហេតុអ្វីបានជាសត្វដាយណូស័រ មានរូបរាងនិងទំហំខុសៗគ្នាច្រើនបែបនេះ។ ភាពខុសគ្នាយ៉ាងសម្បូរបែបនេះ បានជួយឲ្យប្រភេទសត្វយក្សទាំងនេះ វិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស ដើម្បីសម្របការការប្រែប្រួលនៃបរិស្ថានជុំវិញ ហើយជួយពួកវាឲ្យគ្របគ្រង់លើផែនដី បានអស់រយៈពេលប្រមាណ ១៨០លានឆ្នាំ។
ដើម្បីកំណត់ពីបុគ្គលិកលក្ខណៈនៃ Gene របស់ពពួកសត្វដាយណូស័រដំបូងៗបំផុត ក្រុមអ្នកវិទ្យាសាស្រ្តខាងលើ បានប្រើប្រាស់ក្បួនបច្ចេកទេសតាមបែបគណិតវិទ្យា ពិសោធន៍ទៅលើសត្វសម័យបច្ចុប្បន្ន ដែលមានខ្សែស្រឡាយជិតស្និទ្ធនឹងដាយណូស័របំផុត គឺពពួកបក្សី និងអណ្តើក ប៉ុន្តែមានគម្រោងដើម្បីបង្កើតសត្វដាយណូស័រឲ្យមានជីវិតឡើងវិញ ដូចក្នុងភាពយន្ត Jurassic Park នោះទេ។
យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រនៅមិនទាន់បញ្ចេញរបាយការណ៍ និងលទ្ធផលសិក្សាជាផ្លូវការនៅឡើយទេ ដោយវាកំពុងស្ថិតនៅក្នុងការចងក្រងនៅឡើយ ប៉ុន្តែអ្វីដែលគេប្រាកដច្បាស់នោះ គឺវានឹងបង្ហាញអំពីមូលហេតុនៃការបន្តពូជពង្សរបស់ដាយណូស័រ ដែលមានច្រើនប្រភេទ និងរយៈពេលរាប់រយលានឆ្នាំ ដែលខុសពីមនុស្សលោកយើងទើបតែមានវត្តមានលើផែនដីជាង ១លានឆ្នាំមកនេះប៉ុណ្ណោះ។
គួរជម្រាបថា ទោះបីជាហ្សែនរបស់ពួកវាមានភាពអស្ចារ្យខ្លាំងក៏ដោយ បញ្ហាប្រឈមចុងក្រោយដែលដាយណូស័រ ពុំអាចយកឈ្នះបាននោះគឺ ការធ្លាក់ស្រោចមកលើផែនដី នៃកម្ទេចអាចម៍ផ្កាយដ៏ច្រើនសន្ធឹកសន្ធាប់ កាលពី ៦៦លានឆ្នាំមុន ដែលបានធ្វើឲ្យអម្បូរសត្វយក្សទាំងអស់នេះបាត់ចេញពីផែនដី លើកលែងតែពពួកមានស្លាបចេះហោះ ដែលបានវិវត្តន៍មកក្លាយជាសត្វបក្សី៕