(កាប៊ុល)៖ មេដឹកនាំកំពូលមួយរូបរបស់ក្រុមភេរវករ ISIS នៅប្រទេសអាហ្វហ្គានីស្ថាន បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយ របស់ក្រុមយោធាចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ទៅលើសំបុក ISIS នៅខេត្តណាងហ្គាហា (Nangarhar) ភាគខាងកើតប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។
មេដឹកនាំជាន់ខ្ពស់ ISIS ខាងលើនេះឈ្មោះ អាប៊ូ សាអាដ អឺហាប៊ី (Abu Saad Erhabi) រួមជាមួយសមាជិកចំនួន ១៤នាក់ទៀតបានស្លាប់ នៅពេលប្រតិបត្តិការវាយលុកដោយមីស៊ីលខាងលើ បានស្រោចចំពីលើកន្លែងលាក់ខ្លួនរបស់ក្រុមភេរវករនេះតែម្តង នៅតំបន់វ៉ាហ្ស៊ឺរី តាំងហ្គៃ (Waziri Tangai) ក្នុងស្រុក ខូចយ៉ានី (Khogyani) ខេត្ត Nangarhar កាលពីថ្ងៃអាទិត្យ។ ជាមួយគ្នានេះពួក ISIS ចំនួន ០៧នាក់បានរបួស ហើយប៉ុស្តិ៍បញ្ជាការពីរកន្លែងរបស់ពួកគេ ព្រមទាំងអាវុធនិងគ្រឿងផ្ទុះជាច្រើន ក៏ត្រូវបានកម្ទេចចោលក្នុងការវាយប្រហារដ៏ក្តៅគគុកនេះផងដែរ។
គួរជម្រាបថា បុគ្គលឈ្មោះ Erhabi គឺជាមេដឹកនាំជាន់ខ្ពស់ ISIS ទីបួនហើយ នៅអាហ្វហ្គានីស្ថានដែលបានបាត់បង់ជីវិត គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៧មក នៅឯតំបន់ភាគខាងកើតប្រទេសអាស៊ីខាងត្បូងមួយនេះ ជាទីដែលក្រុម ISIS ឈរជើងយ៉ាងរឹងមាំ៕