(សេអ៊ូល)៖ កូរ៉េខាងជើងបានដោះលែងជនជាតិជប៉ុនម្នាក់ ឱ្យមានសេរីភាពឡើងវិញ ក្រោមហេតុផលមនុស្សធម៌ បន្ទាប់ពីរូបគេត្រូវបានឃុំខ្លួនពីបទប្រព្រឹត្តបទល្មើសមួយ នៅអំឡុងពេលដើរកម្សាន្តក្នុងទីក្រុងព្យុងយ៉ាង។ នេះបើតាមការផ្សាយរបស់ KCNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។
យោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បុរសជាភ្ញៀវទេសចរណ៍ជនជាតិជប៉ុនខាងលើមានឈ្មោះ តូម៉ូយូគិ ស៊ូជីម៉ូតុ (Tomoyuki Sugimoto) ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ កាលពីល្ងាចថ្ងៃអាទិត្យ ប៉ុន្តែព័ត៌មានមិនបានបញ្ជាក់លម្អិតថា បុរសរូបនេះបានប្រព្រឹត្តបទល្មើសអ្វីឱ្យប្រាកដ និងពេលវេលាឃុំខ្លួននោះឡើយ។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនលោក Tomoyuki Sugimoto មានអាយុ ៣៩ឆ្នាំ ក៏ជាអ្នកជំនាញផលិតវីដេអូម្នាក់ផងដែរ ហើយលោកត្រូវបានគេរាយការណ៍ថា ត្រូវអាជ្ញាធរកូរ៉េខាងជើង ចាប់ឃុំខ្លួនកាលពីពាក់កណ្ដាលខែសីហា កន្លងទៅ៕