(វ៉ាស៊ីនតោន)៖ ទីបំផុតទណ្ឌកម្មថ្មីរបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងទីក្រុងម៉ូស្គូ ដែលពាក់ព័ន្ធនឹងការចោទប្រកាន់ថា រុស្ស៊ីមានជាប់ទាក់ទិននឹងការលួចបំពុលអតីតមន្រ្តីចារកម្មរុស្ស៊ីឈ្មោះ ស៊ឺហ្គៃ ស្គ្រីផាល់ (Sergei Skripal) នោះ បានចូលជាធរមានហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។
កាលពីថ្ងៃទី០៨ ខែសីហា ទីក្រុងវ៉ាស៊ីនតោនបានប្រកាសការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ជុំវិញការចោទប្រកាន់ថា រុស្ស៊ីបានប្រើអាវុធគីមីដោយក្នុងនោះគឺមាន ០២ ដំណាក់កាល ខណៈកញ្ចប់ទីមួយដែលបានចូលជាធរមាននៅថ្ងៃចន្ទនេះ រួមមានការដាក់បម្រាមលើការផ្គត់ផ្គង់ឧបករណ៍ និងបរិក្ខាអេឡិចត្រូនិកមួយចំនួន ទៅកាន់ប្រទេសរុស្ស៊ី ហើយកញ្ចប់ទីពីរ គឺអាស្រ័យលើគោលនយោបាយពេលនាអនាគតរបស់រុស្ស៊ី រួមមានការបិទជើងហោះហើររបស់អាកាសចរណ៍រុស្ស៊ី អេរ៉ូហ្វ្លូត (Aeroflot) មិនឲ្យចូលទឹកដីអាមេរិក ការដាក់កំហិតលើចំណងការទូត និងការផ្អាកការនាំចេញផលិតផលអាមេរិកទៅរុស្ស៊ីជាដើម។
គួរជម្រាបថា លោក Skripal និងកូនស្រី ត្រូវគេរកឃើញទាំងក្នុងសភាសន្លប់ស្តូកស្តឹង នៅក្រុង Salisbury នៃចក្រភពអង់គ្លេស កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ហើយភ្លាមៗនោះចក្រភពអង់គ្លេសព្រមទាំងសម្ព័ន្ធមិត្ត បានធ្វើការចោទប្រកាន់ភ្លាមៗ ទៅលើប្រទេសរុស្ស៊ីថា ជាអ្នករៀបចំគម្រោងប្រើអាវុធគីមីបំពុលអតីតមន្រ្តីចារកម្មរូបនេះ៕