(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះបាននិយាយថា ការលុបចោលដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមអូ អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់គំរោងបង្កើត «ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ» ដែលគ្រោងនឹងបើកនៅក្នុងខែសីហានេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុនបានបញ្ជាឱ្យលោក ប៉ុមប៉េអូ លុបចោលដំណើរទស្សនកិច្ច ទៅកាន់កូរ៉េខាងជើងនៅក្នុងសប្ដាហ៍នេះ ដោយលោកបន្ទោសទីក្រុងប៉េកាំងថា មិនបានជួយដាក់សម្ពាធគ្រប់គ្រាន់លើទីក្រុងព្យុងយ៉ាង ឱ្យរំសាយអាវុធនុយក្លេអ៊ែរនោះទេ។ ក៏ប៉ុន្តែថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះ អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូងលោក គីម អ៊ុយគ្យឺម (Kim Eui-kyeom) បានអះអាងថា លោកមិនអាចនិយាយបានថាការសម្រេចចិត្តរបស់លោក ត្រាំ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ដល់គំរោងបើកការិយាល័យអន្តរកូរ៉េ ១០០ភាគរយឡើយ។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងកូរ៉េខាងជើងមានគ្រោងនឹងបើកការិយាល័យទំនាក់ទំនងអន្តរកូរ៉េ នៅក្នុងខែសីហានេះបើទោះជា មានការព្រួយបារម្ភថា ការបើកការិយាល័យនេះ អាចនឹងរំលោភលើដំណោះស្រាយដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងកូរ៉េខាងជើងក៏ដោយ៕