(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវគេរាយការណ៍ថា បានទាត់ចោលសេចក្តីថ្លែងការណ៍របស់ក្រុមមន្រ្តីសេតវិមាន ដែលមានបំណងចង់សម្តែងការកោតស្ញប់ស្ញែង ចំពោះស្នាដៃនានារបស់ព្រឹទ្ធសមាជិកអាមេរិក លោក ចន ម៉ាខេន (John McCain) ដែលទើបតែទទួលមរណភាព។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតអាមេរិក Washington Post ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ បានបដិសេធមិនឲ្យចេញសេចក្តីថ្លែងការណ៍ខាងលើ ដោយនិយាយថា រូបលោកចង់បង្ហោះសារលើប្រព័ន្ធ Twitter ដើម្បីចូលរួមរំលែកទុក្ខជាង។ យ៉ាងណាមិញសារ Twitter របស់លោកប្រធានាធិបតីអាមេរិកពុំបាននិយាយអ្វីច្រើនឡើយអំពីលោក McCain នោះឡើយ ដោយក្នុងនោះគ្រាន់តែបានសម្តែងសមានទុក្ខ និងការគោរពដល់ក្រុមគ្រួសាររបស់លោក John McCain តែប៉ុណ្ណោះ។
គួរជម្រាបថា លោក ត្រាំ និងលោក McCain មានការខ្វែងគំនិតគ្នាលើកបញ្ហាជាច្រើន តាំងតែពីលោក ត្រាំ មិនទាន់ឡើងកាន់អំណាចម្ល៉េះ ទោះបីជានៅបក្សសាធារណរដ្ឋដូចគ្នាក៏ដោយ ហើយមើលទៅទោះបីជាលោក McCain ទទួលមរណភាពទៅហើយក្តី វានៅតែពុំមានការប្រែប្រួលឡើយ។
លោក John McCain បានទទួលមរណភាពកាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយសារជំងឺដុះសាច់មហារីកក្នុងខួបក្បាលក្នុងវ័យ ៨១ឆ្នាំ។ នៅអំឡុងពិធីបុណ្យសពរបស់លោក McCain នឹងមានការថ្លែងសុន្ទរកថាពីសំណាក់អតីតប្រធានាធិបតីអាមេរិក លោក Obama និងលោក George W. Bush ខណៈលោក ដូណាក់ ត្រាំ ត្រូវបានស្នើមិនឲ្យទៅចូលរួមពិធីនេះឡើយ។
ចំណែកអដ្ឋិធាតុរបស់លោក McCain នឹងត្រូវតម្កល់ជាបណ្តោះអាសន្ននៅក្នុងវិមាន Capitol Hill ដើម្បីជាការគោរពដល់ស្នាដៃបម្រើជាតិរបស់លោក ហើយក្រោយមកនឹងត្រូវផ្ទេរទៅកាន់ព្រះវិហារ Washington National Cathedral វិញដើម្បីធ្វើពិធីបញ្ចុះជាផ្លូវការ៕