(វ៉ាស៊ីនតោន)៖ អតីតប្រធានក្រុមអ្នកវិទ្យាសាស្រ្ត នៃទីភ្នាក់ងារអវកាសអាមេរិក NASA លោក Ellen Stofan បានលើកឡើងថា ប្រសិនបើពួកយើងចង់រុករក និងស្វែងយល់ពីដានសំខាន់ៗទាំងឡាយ នៃទម្រង់ជីវិតកាលពីអតីតកាលនៅលើភពអង្គារ (Mars) យានរ៉ូបូតពុំអាចសម្រេចគោលដៅនេះបានដោយខ្លួនឯងឡើយ គឺយើងត្រូវការមនុស្សឲ្យនៅទីនោះដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។
លោក Stofan បានបង្ហាញការជឿជាក់ថា ជីវិតទំនងជាអាចមានវត្តមាននៅលើ Mars ប៉ុន្តែលោកពុំគិតពួកវាបានវិវត្តន៍ទៅមុខយ៉ាងស្មុគស្មាញនោះឡើយ ពោលគឺត្រឹមជាពពួកមីក្រូសារពាង្គកាយប៉ុណ្ណោះ ហើយសំណល់ហ្វូស៊ីលប្រភេទនេះ នឹងពិបាកក្នុងការស្វែងរកខ្លាំងមែនទែន។ ហេតុដូច្នេះទើបយើងត្រូវការបញ្ជូនមនុស្សទៅកាន់ទីនោះ ដើម្បីធ្វើការសិក្សាស្វែងយល់ឲ្យស៊ីជម្រៅ ដែលយានរ៉ូបូតពុំមានសមត្ថភាពអាចធ្វើបាន។
គួរជម្រាបថា ជាច្រើនឆ្នាំកន្លងទៅនេះ យានចុះចតនិងរុករកចំនួន ០៨គ្រឿង បានធ្វើដំណើរទៅដល់ភពអង្គារដោយជោគជ័យ ហើយបេសកកម្មដែលមានភាពលេចធ្លោបំផុតនាពេលបច្ចុប្បន្ន គឺយាន Curiosity របស់ NASA ដែលត្រូវបានរចនាឡើង ដើម្បីស្វែងរកកន្លែងដែលជីវិតអាចនឹងមានវត្តមានកាលពីអតីតកាល ប៉ុន្តែបេសកកម្មនេះ ពុំមានគោលដៅស្វែងរកដាននៃជីវិតឡើយ។
ដូច្នេះសរុបសេចក្តីមក ការបញ្ជូនមនុស្សទៅភពអង្គារនៅតែជាគំរោងដ៏សំខាន់បំផុត ដែលអង្គការ NASA ត្រូវតែសម្រេចឲ្យបាន ប្រសិនបើចង់រកឲ្យឃើញថា តើធ្លាប់មានជីវិតក្នុងទម្រង់ណាមួយ នៅលើភពអង្គារដែរ ឬទេ។ គួររំលឹកថា អង្គការបានពន្យារពេលរួចទៅហើយក្នុងការនាំមនុស្សទៅភពអង្គារ រហូតដល់ឆ្នាំ២០៤០ឯណោះ៕