(សៀងហៃ)៖ គ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយព្យុះទីហ្វុង និងព្យុះត្រូពិច នៅខេត្តសានទុង (Shandong) ភាគខាងកើតប្រទេសចិនបានផ្តាច់ជីវិតមនុស្ស ១៤នាក់ ហើយបង្កការខាតបង់ផ្នែកសេដ្ឋកិច្ចសម្រាប់ខែនេះប្រមាណ ១.៤៧ពាន់លានដុល្លារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។
ជុំវិញគ្រោះមហន្តរាយដ៏អាក្រក់នេះអាជ្ញាធរខេត្ត Shandong ត្រូវបានប្រជាជនស្តីបន្ទោសថា ពុំមានសមត្ថភាពចាត់វិធានឆ្លើយតបបានរហ័សគ្រប់គ្រាន់ ចំពោះការព្រមានពីគ្រោះទឹកជំនន់ និងបរាជ័យក្នុងការបង្ហូរទឹកចេញពីទំនប់ទឹកឲ្យទាន់ពេលវេលា។ ជារៀងរាល់ឆ្នាំនៅអំឡុងប៉ុន្មានខែនេះ ប្រទេសចិនតែងត្រូវធ្វើការជម្លៀសខ្លួនប្រជាជនរាប់សែននាក់នៅតាមតំបន់នានា ដែលងាយនឹងរងគ្រោះទឹកជំនន់ ព្រមទាំងប្រើប្រាស់បណ្តាញទំនប់ទឹកដ៏ទូលំទូលាយរបស់ខ្លួន ដើម្បីព្យាយាមគ្រប់គ្រងកម្ពស់ទឹក។
គួរជម្រាបថា កាលពីខែកក្កដាកន្លងទៅ ទន្លេរហូតដល់ ២៤១ខ្សែ នៅក្នុងខេត្តចំនួន ២៤ បានជន់លិច និងបានបណ្តាលឲ្យខាតបង់សេដ្ឋកិច្ចចិនជិត ០៤ពាន់លានដុល្លារ៕