(ព្យុងយ៉ាង)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានលួចចាក់ទីក្រុងព្យុងយ៉ាងពីក្រោយខ្នង និងកំពុងដឹកនាំសកម្មភាពឧក្រិដ្ឋនានាប្រឆាំងនឹងរបបដឹកនាំលោក គីម ជុងអ៊ុន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន លុបចោលភ្លាមៗនូវគំរោងបំពេញដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ មកកាន់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន ចេញផ្សាយកាលពីថ្ងៃអាទិត្យ Rodong Sinmun ក៏បានអះអាងដែរថា កងកម្លាំងពិសេសអាមេរិកមួយក្រុម ដែលកំពុងឈរជើងនៅក្នុងប្រទេសជប៉ុន បាននិងកំពុងធ្វើសមយុទ្ធយោធាផ្លូវអាកាស ក្នុងគោលបំណងឈ្លានពានកូរ៉េខាងជើង។ Rodong Sinmun បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សកម្មភាពទាំងអស់នេះបានបង្ហាញថា សហរដ្ឋអាមេរិកកំពុងដឹកនាំសកម្មភាពឧក្រិដ្ឋ ក្នុងគោលបំណងបង្កសង្រ្គាមជាមួយកូរ៉េខាងជើង និងកំពុងប្រព្រឹត្តបទឧក្រិដ្ឋមួយ ដែលសាកសមនឹងទទួលបានការឆ្នើយតបវិញ ដោយគ្មានត្រាប្រណី»។
គួរបញ្ជាក់ថា អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំទីក្រុងសេអ៊ូលបាននិយាយថា លោកមិនបានដឹងអំពីព័ត៌មានសមយុទ្ធនេះទេ រីឯអ្នក នាំពាក្យយោធាអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូង ក៏មិនទាន់បញ្ចេញប្រតិកម្មអ្វីដែរ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ប៉ុមប៉េអូ ត្រូវបានគេរាយការណ៍ថា នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង នៅក្នុងសប្ដាហ៍នេះ ប៉ុន្តែក្រោយមកស្រាប់តែលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យលុបចោលដំណើរទស្សនកិច្ចនេះទៅវិញ ដោយបន្ទោសចិនថា មិនបានជួយទីក្រុងវ៉ាស៊ីនតោនដើម្បីដាក់សម្ពាធលើកូរ៉េខាងជើងនោះទេ ដោយសារតែជម្លោះពាណិជ្ជកម្មបច្ចុប្បន្ន៕