(ផ្លរីដា)៖ ខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់មនុស្ស០២នាក់ និងជាច្រើននាក់ទៀតរងរបួស នៅឯភោជនីយដ្ឋានមួយកន្លែងក្នុង ទីក្រុង Jacksonville រដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ នេះបើតាមមន្ត្រីប៉ូលិស ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨។
យោងតាមប្រធានមន្ត្រីប៉ូលិស ទីក្រុង Jacksonville លោក Mike Williams ខ្មាន់កាំភ្លើងខាងលើមានឈ្មោះ David Katz អាយុ ២៤ឆ្នាំ ក្នុងទីក្រុង Baltimore។ ប៉ុន្តែលោក មិនបានបញ្ជាក់ពីមូលហេតុនៃហេតុការណ៍បាញ់ប្រហារនេះទេ។ លោក Williams បន្ថែមថាខ្មាន់កាំភ្លើងឈ្មោះ Katz បានបាញ់សម្លាប់ខ្លួនឯង ហើយសាកសពរបស់គាត់ ត្រូវបានគេរកឃើញនៅក្បែរជនរងគ្រោះ ទាំងពីរនាក់ ខណៈមនុស្ស០៩នាក់ផ្សេងទៀតរងរបួស។
គួរបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារខាងលើ បានកើតឡើងកាលពីរសៀល ថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) នៅអំឡុងកម្មវិធី ប្រកួតប្រជែង Madden 19 online game នៅឯភោជនីយដ្ឋាន Chicago Pizza៕