(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអូស្រ្ដាលីថ្មី លោក Scott Morrison ពីកិច្ចសហប្រតិបត្តិការនៅពេលអនាគត និងទំនាក់ទំនងទ្វេភាគី ដែលលោកត្រាំផ្ទាល់ចាត់ទុកថាគ្មានមិត្តណា អស្ចារ្យជាងសហរដ្ឋអាមេរិក និងអូស្ត្រាលីឡើយ។ នេះបើតាមសេតវិមាន ដកស្រង់ដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨។​

យោងតាមសេតវិមាន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីយប់ថ្ងៃសុក្រ (ម៉ោងនៅអាមេរិក) លោក ត្រាំ និងលោក Morrison បានឯកភាពគ្នាពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងអូស្ត្រាលី ហើយថែមទាំងសន្យាទៀតថានឹងបន្តធ្វើ ការងារជាមួយគ្នាយ៉ាងជិតស្និទឈរលើគោលការណ៍ផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញមក។ ​មិនតែប៉ុណ្ណោះ លោក​ត្រាំ ក៏បានអបអរ លោក Morrison ផងដែរ សម្រាប់ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអូស្ត្រាលីថ្មី ក្រោយបានយកឈ្នះនៅក្នុងការបោះឆ្នោត ជ្រើសរើសមេដឹកនាំនៃគណបក្សសេរីនិយមរបស់លោក។

គួរបញ្ជាក់ថា លោក Scott Morrison បានស្បថឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអូស្រ្តាលីទី៣០ កាលពីថ្ងៃសុក្រ ជំនួសលោក Malcolm Turnbull ដែលបានលាលែងពីតំណែងនាយករដ្ឋមន្ត្រី បន្ទាប់ពីទទួលសម្ពាធពីក្រុមអ្នកតំណាងរាស្ត្រអូស្ត្រាលី៕