(កាប៊ុល)៖ រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីមហាផ្ទៃអាហ្វហ្កានីស្ថាន រួមទាំងប្រមុខសន្តិសុខ០២នាក់ផ្សេងទៀត បានសម្រេចចិត្ត លាលែងចេញពីតំណែងហើយ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ នេះបើតាមប្រភពចេញពីរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដកស្រង់ដោយ សារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨។
ប្រភពខាងលើថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ដូច្នេះថា៖«យើងបាន ទទួលបានលិខិតលាលែងពីតំណែងចំនួន០៤ ពីរដ្ឋមន្ត្រីពីររូប និងមន្ត្រីសន្តិសុខជាន់ខ្ពស់០២រូប»។ ប្រភពនេះដដែល បានឱ្យដឹង ទៀតថា លិខិតលាលែងពីតំណែងនេះ គឺជារបស់រដ្ឋមន្ត្រីការពារជាតិ លោក Tariq Shah Bahrami និងរដ្ឋមន្ត្រីមហាផ្ទៃលោក Wais Barmak រួមទាំងមន្ត្រីសន្តិសុខជាន់ខ្ពស់អាហ្វហ្កានីស្ថាន០២នាក់ទៀត។ ការលាលែងរបស់ពួកគេធ្វើឡើងតែមួយថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិ លោក Hanif Atmar សម្រេចចិត្តលាលែងពីតំណែង។
តែយ៉ាងណាក៏ដោយ អ្នកទាំង០៤ មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេ ចំពោះសេចក្ដីរាយការណ៍របស់ Reuters ខណៈ ប្រភពផ្សេងៗគ្នាជាច្រើន អះអាងថាគោលនយោបាយរបស់រដ្ឋាភិបាលទីក្រុងកាប៊ុល និងស្ថានភាពសន្តិសុខបច្ចុប្បន្ន គឺជាមូលហេតុ នៅពីក្រោយការលាលែងរបស់មន្ត្រីកំពូលទាំង០៤នាក់៕