(តៃប៉ិ)៖ មនុស្សយ៉ាងតិច០៦នាក់បានបាត់បង់ជីវិត និងរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនចេញពីលំនៅឋាន ដោយសារគ្រោះទឹកជំនន់ដែលបង្កឡើងដោយការធ្លាក់ភ្លៀងខ្លាំងជាប់គ្នាជាច្រើនថ្ងៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨។
ព្យុះត្រូពិចមួយបានបង្កជាភ្លៀងធ្លាក់យ៉ាងជោគជាំ នៅលើតំបន់ភាគខាងត្បូងនិងកណ្តាលកោះតៃវ៉ាន់ ចាប់តាំងតាំងតែពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះមក ហើយគិតមកត្រឹមរសៀលថ្ងៃសៅរ៍នេះ មនុស្សសរុបចំនួន០៦នាក់ហើយបានស្លាប់ និងជិត១០០នាក់ បានទទួលរងរបួស ស្របពេលដែលមនុស្សជាង៦,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីលំនៅឋាន ទៅកាន់កន្លែងសុវត្ថិភាព។
គួរជម្រាបថា ទោះបីជាខណៈពេលនេះ ព្យុះខាងលើបានបោកបក់ហួសតៃវ៉ាន់ ឆ្ពោះទៅភាគពាយ័ព្យក៏ដោយ កម្រិតទឹកជន់នៅមិនទាន់ស្រកចុះទៅវិញនោះឡើយ ក្នុងតំបន់ជាច្រើន៕